(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកសម្ពោធស្លាក «វិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា» ដើម្បីបណ្ដុះនូវទេពកោសល្យឆ្នើមបន្ថែមទៀត ជាមួយនឹងស្មារតីច្នៃប្រឌិត និងសមត្ថភាពអនុវត្ត ហើយរួមចំណែកកាន់តែច្រើនដល់វឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍សង្គមនៃប្រទេសទាំងពីរ។

ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតិភាពរបស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក យ៉ាង យៀកឈាន (YANG YUEQUAN) នាយក និងជាលេខាបក្ស នៃវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាលៀន លោក យ៉ាង ជា (YANG JIE) នាយក វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈតាលៀន ហ្វឹងយៀក លោក ស្រ៊ុន ហុកវៃ នាយកភាគីកម្ពុជា ព្រមទាងថ្នាក់ដឹកនាំជាន់ខ្ពស់ លោក លោកស្រី និងភ្ញៀវកិត្តិយសជាច្រើននាក់។

ក្នុងឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងថា ពិតជាមានមោទនភាពណាស់ ដែលបានធ្វើកម្មវិធីបើកសម្ពោធ ស្លាក «ម៉ក់ជឺ» ដែលជាវិទ្យាស្ថានទីមួយ បានបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្ហាញអំពីសក្ខីកម្មរវាងកម្ពុជា និងចិន ក្លាយទៅជាមិត្ដត្បូងពេជ្រ មិនមែនតែនៅលើក្រដាស់ទេ គឺបានចូលអនុវត្ដជាក់ស្ដែង នេះគឺជាសក្ខីកម្មដ៏អស្ចារ្យមួយ ដែលបណ្ដុះបណ្ដាលមិនមែនត្រឹមតែភាសាទេគឺ បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ស្លាក «ម៉ក់ជឺ» គឺបង្ហាញពីទំនាក់ទំនងទៅលើបច្ចេកវិទ្យា ដែលសិក្សាមានបួនចំណុចរួមមាន៖ AI, កុំព្យូទ័រ, យើងអាចឈានទៅបណ្ដុះបណ្ដាល ខាងផ្នែកអ្នកបម្រើអាកាសចរស៊ីវិល និងការបង្កើតពេទ្យឆ្មប ដែលបានសិក្សាយ៉ាងស៊ីជម្រៅពីបទពិសោធន៍ខ្ពស់។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបន្ដថា នេះគឺជាមោទនភាពណាស់នៃទំនាក់ទំនងរវាង កម្ពុជា និងចិន នៅលើផែនទីជីវៈ ដែលយើងផ្សារភ្ជាប់មិនមែនតែវប្បធម៍ទេ ឥឡូវមកដល់សម័យទំនើប ៤.០ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឱ្យក្លាយទៅជាមិត្ដត្បូងពេជ្រនាពេលនេះ។ រាល់ការវិនិយោគ និងធ្វើពាណិជ្ជកម្មធំៗ ត្រូវតែធ្វើការសិក្សាស្រាវជ្រាវឆ្លងកាត់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាកុំឱ្យបរាជ័យ ការវិនិយោគមិនត្រូវយកអារម្មណ៍មកវិនិយោគទេ ត្រូវយកអ្នកសិក្សាស្រាវជ្រាវទៅសិក្សាឱ្យកាន់តែស៊ីជម្រៅ ដើម្បីរកយុត្ដិសាស្រ្ដក្នុងការវិនិយោគកុំឱ្យបរាជ័យនៅពេលអនាគត។

បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញថា ទំព័រប្រវត្ដិសាស្រ្ដដ៏អស្ចារ្យមួយ នៃប្រទេសយើងទាំងពីរ ដែលបានបើកលើទំព័រថ្មី ៤.០ ដែលយើងគិតថា ចេញមកវិនិយោគយកតែថវិកា និងយកអ្នកវិនិយោគ នៅក្នុងក្រុមហ៊ុន ឯកម្លាំងពលលកម្ម កម្លាំងប្រាជ្ញា ត្រូវបណ្ដុះធនធានកម្ពុជា ហើយកម្ពុជាមិនមែនតែលក់កម្លាំងចូលកម្ពុជានោះទេ តែកម្ពុជាលក់៣ ដូចជា៖ លក់កម្លាំងប្រាជ្ញា លក់ទេពកោសល្យ និងលក់សញ្ញាប័ត្រដែលយើងបានទទួល ទាំងអស់នេះហើយដែលធ្វើឱ្យរុញនាវាកម្ពុជា ឈានទៅមុខ ឱ្យលឿនទៅតាមបណ្ដាលប្រទេស នៅក្នុងតំបន់ និងពិភពលោក។

ចំណែកឯ លោក យ៉ាង យៀកឈាន បានបន្ដថា វិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាផ្នែកមួយនៃការធ្វើឱ្យស៊ីជម្រៅ នៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអប់រំនៃប្រទេសយើងទាំងពីរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានពង្រឹងការផ្លាស់ប្ដូរក្នុងវិស័យអប់រំវិជ្ជាជីវៈ ជំរុញឱ្យវិស័យនេះដើរចេញក្រៅ ពោលគឺ ផ្ដួចផ្ដើមឱ្យមានការបង្កើត “គ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅបរទេស” តាមរយៈការជំរុញដំណើរការ និងការគ្រប់គ្រងបែបទីផ្សារនិងគម្រោង ជាមួយនឹងសហគ្រាសចិននៅបរទេស។ «វិទ្យាស្ថានម៉ក់ជឺ» គឺជានាមបណ្ណអប់រំវិជ្ជាជីវៈអន្ដរជាតិ របស់ខេត្តលីវនីង ដែលផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ធនធានបច្ចេកទេស ក្រោមក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ»។

ជាថ្មីម្ដងទៀត លោក យ៉ាង យៀកឈាន ក៏បានបញ្ជាក់ថា វិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា គឺជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សានៃប្រទេស កម្ពុជា-ចិន និងសហគ្រាស រឹតតែសក្ខីភាពនៃការធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពកម្ពុជា-ចិន។ ដោយឈរលើកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន និងគោលការណ៍ «រួមគ្នា ពិភាក្សា កសាង ទទួលអត្ថប្រយោជន៍ និងឈ្នះៗ» វិទ្យាស្ថានម៉ក់ជឺនឹងត្រូវបានប្រើប្រាស់សក្ដានុពលដែលមានស្រាប់ ដើម្បីជំរុញការស្វែងយល់ពីគ្នា ជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យមិត្តភាពកាន់តែមានភាពស៊ីជម្រៅ។ ជាពិសេស តាមរយៈការបណ្ដុះបណ្ដាល «ភាសាចិន+វិជ្ជាជីវៈ» នឹងអាចបំពេញតម្រូវការធនធានមនុស្ស សម្រាប់សហគ្រាស ក៏ដូចជាលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ក្នុងតំបន់ផងដែរ៕