(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partners on HIV and AIDS in Cambodia) លើកទី៣ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។
កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ កិច្ចប្រជុំរៀបចំឡើង ដើម្បីចូលរួមធ្វើឱ្យសម្រេចគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍដឹកនាំដោយលោកទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំដល់មូលនិធិសកល (អាម៉េរិក បារាំង និងអូស្រ្តាលី) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងផែនការ រដ្ឋបាលរាជធានីភ្នំពេញ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, UNDP, USAID, PEPFAR, DFAT, CCC, CRS, KHANA, HACC) ព្រមទាំងតំណាងប្រជាជនគន្លឹះ។
កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖
ទី១- ពិនិត្យ និងផ្តល់ការឯកភាពលើរបៀបវារៈកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា លើកទី៣។
ទី២- ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍ ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាលើកទី២។
ទី៣- បទបង្ហាញស្តីពីវឌ្ឍនភាពនៃក្រុមការងារផែនការយុទ្ធសាស្ត្រជាតិ ដោយលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ទី៤- ទបង្ហាញអំពីបច្ចុប្បន្នភាពវឌ្ឍនភាពចម្បងៗ ដោយលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស តំណាងផ្នែករាជរដ្ឋាភិបាល និងតំណាងដៃគូអភិវឌ្ឍ៖
• ការឆ្លើយតបជាតិនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយឯកឧត្តម ទា ផលា
• ជំនួយរបស់មូលនិធិសកលនៅកម្ពុជា ដោយវេជ្ជបណ្ឌិត ឈីវ ប៊ុនធី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលមូលនិធិសកល
• វឌ្ឍនភាពឆ្ពោះទៅគោលដៅ៩៥ទី១ និងរក្សាគោលដៅ៩៥ទី២ និងទី៣ ដោយតំណាងអង្គការ PEPFAR
• គម្រោងផ្តួចផ្តើមរបស់បារាំង ដោយវេជ្ជបណ្ឌិត MOSNIER Emilie, អ្នកជំនាញបច្ចេកទេសអន្តរជាតិ
• ក្រុមរួមអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ ដោយលោក អ៊ឹង ប៉ូលីន ទីប្រឹក្សាអង្គការយូអិនអេដស៍។
ទី៥- បទបង្ហាញបច្ចុប្បន្នភាពនៃវឌ្ឍភាពផែនទីនិរន្តរភាព និងជំហាន ដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេស។
ទី៦- បទបង្ហាញគ្រោងផែនការសកម្មភាព ក្រុមការងារបច្ចេកទេសរួមរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍ។
ទី៧- មតិសរុប និងបិទអង្គប្រជុំរបស់ លោកទេសរដ្ឋមន្ត្រី និងលោកស្រីនាយិកាសហប្រធាន។
នៅក្នុងដំណើរការនៃកិច្ចប្រជុំ លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ យើងកំពុងស្ថិតក្នុងពេលផ្ទេរដំណាក់កាលពីការអនុវត្តកម្មវិធីរបស់អ្នកផ្តល់ជំនួយ ទៅជាកម្មវិធីរបស់រាជរដ្ឋាភិបាល។ លោកទេសរដ្ឋមន្រ្តីបានស្នើថា ក្នុងរយៈពេលអន្តរកាលនេះ បើម្ចាស់ជំនួយទទួលជួយអង្គការក្រៅរដ្ឋាភិបាល សូមជួយពង្រឹងស្ថាប័ន ដើម្បីឱ្យអង្គការទាំងនោះដឹងពីការងារដែលត្រូវធ្វើ។ បន្ទាប់មករាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាពដើម្បីត្រៀមខ្លួនទទួលបន្ត។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកស្រីនាយិកាអង្គការ UNAIDS ជាសហប្រធានតំណាងក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ តំណាងអ្នកផ្ទុកមេរោគអេដស៍ដែលបានចូលរួម ក្នុងកិច្ចប្រជុំ ហើយជាពិសេសអរគុណសហរដ្ឋអាម៉េរិក បារាំង និងអូស្រ្តាលីដែលជាប្រទេសម្ចាស់ជំនួយធំ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា៕