(ភ្នំពេញ)៖ បន្ទាប់ពីបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-road អន្តរជាតិ រហូតទទួលបានជ័យលាភីលេខ២ និងពានមាសកិត្តិយស ក្នុងការប្រកួតពូល B នោះ កីឡាករ ជឿន ប៊ុណ្ណា Co-driver និង Team service ទាំងអស់គ្នាមកពី «ក្លឹបចៅតាខ្មៅ យានឆ្លងឧបសគ្គ» បានចាត់ទុកជ័យលាភីនិងពានមាសដែលទទួលបាននេះជាកិត្តិយសរបស់អ្នកក្រុងតាខ្មៅ ក៏ដូចជាខេត្តកណ្ដាលទាំងមូល។
គួរជម្រាបថា ក្រោយប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-road អន្តរជាតិ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយជោគជ័យប្រកបដោយកិច្ចសហការ មិត្តភាព ភាតរភាព និងជាសមិទ្ធផលមួយថ្មីសម្រាប់កម្ពុជា ក្នុងនោះគណៈកម្មការក៏បានរកឃើញម្ចាស់ជ័យលាភីលេខ១ដល់លេខ៣ សម្រាប់ពូលទាំង៣ ឬ Class ទាំង៣ ដែលមាន Class A, Class B និង Class C។
កីឡាករ ជឿន ប៊ុណ្ណា និង Co-driver ដែលមកពី «ក្លឹបចៅតាខ្មៅ យានឆ្លងឧបសគ្គ» ដណ្ដើមបានជ័យជម្នះក្នុងការប្រកួតនៅពូល B ឬ Class B ពោលគឺទទួលបានជ័យលាភីលេខ១ និងពានមាសកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ២,៨០០,០០០រៀល។ សរុបការប្រកួតទាំង៣ថ្ងៃ ក្រុមកីឡាករមកពី «ក្លឹបចៅតាខ្មៅ យានឆ្លងឧបសគ្គ» ទទួលបានពិន្ទុ៥៧០ពិន្ទុ។
ចំណែកជ័យលាភីលេខ២ និងពានប្រាក់កិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ២,០០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «IRONMAN 4x4» ដែលបើកបរដោយកីឡាករ ម៉េត មិត្ត សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៤៨៧ និងជ័យលាភីលេខ៣ និងពានសំរឹទ្ធកិត្តិយស ព្រមជាមួយប្រាក់រង្វាន់ ១,២០០,០០០រៀល បានទៅលើក្រុមកីឡាករកម្ពុជា «MR SERVICE» ដែលបើកបរដោយកីឡាករ យិន មុន្នី សរុបការប្រកួតទាំង៣ថ្ងៃ ទទួលបានពិន្ទុ៤១៧។
កីឡាករ ជឿន ប៊ុណ្ណា និង Co-driver រួមជាមួយប្រធានក្លឹប និង Team service របស់ «ក្លឹបចៅតាខ្មៅ យានឆ្លងឧបសគ្គ» បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាមួយការដណ្ដើមបានពានមាសក្នុងពូល B នេះ។ ពួកគាត់ចាត់ទុកជ័យលាភីនិងពានមាសដែលទទួលបាននេះជាកិត្តិយសរបស់អ្នកក្រុងតាខ្មៅ ក៏ដូចជាខេត្តកណ្ដាលទាំងមូល៕
សូមទស្សនាវីដេអូសម្ភាសន៍ជាមួយកីឡាករ ជឿន ប៊ុណ្ណា រួមជាមួយប្រធានក្លឹប និង Team service របស់ «ក្លឹបចៅតាខ្មៅ យានឆ្លងឧបសគ្គ»៖