(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) ទិវារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលាស្រុកកំពង់ស្វាយ ដែលមានអ្នកចូលរួមប្រមាណជិត៨០០នាក់ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានអាននូវសុន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីប្រវត្តិ នៃកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស បានក្រោកឈរឡើង ប្រកាសបង្កើតរណសិរ្ស ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោកស្រីបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិត្រូវបានការអភិវឌ្ឍឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនរុងរឿងបន្ថែមទៀត។
លោកស្រី ឃួន ឃុនឌី បានបន្តថា យើងទាំងអស់គ្នាត្រូវដឹងថាថ្ងៃ ២ធ្នូ គឺជាថ្ងៃប្រវត្តិសាស្ត្រ កូនជាចៅជំនាន់ក្រោយត្រូវយល់ដឹងឲ្យច្បាស់ថា បើគ្មានថ្ងៃទី២ធ្នូ និងថ្ងៃជ័យជម្នះ ៧មករានោះទេ គ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចបុគ្គលណាបដិសេធបានឡើយ ដូច្នេះត្រូវពង្រឹង និងថែរក្សាឲ្យបានរឹងមាំនៅសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទស្សនៈគោលជំហរ និងនយោបាយសតិអារម្មណ៍តាមគោលការណ៍រក្សាចាស់បង្កើតថ្មី៕