(កំពង់ឆ្នាំង)៖ លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារគណបក្សខេត្ត ក្រុង-ស្រុក ចុះសួរសុខទុក្ខ លោក យឹម សុក្ខារិន អាយុ៦៧ឆ្នាំ ជាអ្នកសារព័ត៌មាន ជើងចាស់ម្នាក់ បច្ចុប្បន្នជាភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា រស់នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងមានការខ្វះខាតជីវភាព និងមិនមានថវិកាសម្រាប់ព្យាបាលជំងឺ។

ការអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយដ៏សប្បុរសរបស់មន្ត្រីគណបក្សខាងលើនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់លោក គុយ ចន្ថា ប្រធានក្រុមការងារគណបក្សប្រជាជនខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាអភិបាលខេត្ត, លោកអភិបាលក្រុងកំពង់ឆ្នាំង, លោកអភិបាលស្រុករលាប្អៀរ និងមន្ត្រីគណបក្សខេត្ត ក្រុង-ស្រុក សង្កាត់មួយចំនួនទៀត។

លោកស្រី កែ ច័ន្ទមុន្នី បានលើកឡើងថា មន្ត្រីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ពិសេសគឺសមាជិកគណបក្សប្រជាជននៅគ្រប់មូលដ្ឋាន ដែលមានទុក្ខលំបាកខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ។ ជាក់ស្ដែងថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្ត ក្រុង និងស្រុក បាននាំយកថវិកាសរុបចំនួន២លាន៤០ម៉ឺនរៀល, អង្ករ៥០គីឡូក្រាម, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងមីមួយកេស ឧបត្ថម្ភដល់លោក យឹម សុក្ខារិន។

ថវិកាខាងលើនេះ មានការចូលរួមពីលោកស្រី កែ ច័ន្ទមុន្នី និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង ចំនួន១លានរៀល, លោក គុយ ចន្ថា ៤០ម៉ឺនរៀល, លោក ហ៊ីង ភ័ព្វមិនា ២០ម៉ឺនរៀល, លោក សេង វិចិត្រ ១០ម៉ឺនរៀល រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួន, លោក អ៊ុន សុផានិត ចំនួន២០ម៉ឺនរៀល, លោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការខេត្ត ចំនួន២០ម៉ឺនរៀល, លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ចំនួន១០ម៉ឺនរៀល, លោក មាន ចំរើន ប្រធានក្រុមយុវជនគណបក្សស្រុកបរិបូរណ៌ ចំនួន១០ម៉ឺនរៀល, លោក ឈៀង ថារិទ្ធ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ចំនួន១០ម៉ឺនរៀល និងលោក សាយ សន្យា ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ចំនួន៥ម៉ឺនរៀលផងដែរ។

លោកស្រី កែ ច័ន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានគណបក្សខេត្ត ប្រធានគណបក្សក្រុង-ស្រុក និងសប្បុរសជនគណបក្សទាំងអស់ដែលបានជួយឧបត្ថម្ភដល់លោក យឹម សុក្ខារិន ខាងលើនេះ។ លោកស្រីអ្នកតំណាងរាស្ត្រ បានផ្ដាំផ្ញើដល់លោក យឹម សុក្ខារិន សូមយកចិត្តទុកដាក់ព្យាបាលជំងឺតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន ទើបឆាប់បានជាសះស្បើយ និងឆាប់បានបម្រើការងារវិញ ដើម្បីបន្តរួមចំណែកជួយដល់សង្គមជាតិជាបន្តទៀត។

ក្នុងឱកាសនោះ អ្នកតំណាងរាស្ត្រក៏បានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល, លោក ហ៊ីង ភ័ព្វមិនា ចំនួន១០ម៉ឺនរៀល និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ចំនួន១០ម៉ឺនរៀល ដើម្បីផ្ដល់ជូនលោក ហេង សុធារ៉ា អ្នកសារព័ត៌មានក្នុងខេត្តដែលបានរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ដែលបច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ៕