(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៣ ខែធ្នូ​ ឆ្នាំ២០២៤​ លោក​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​, លោក​ យឹម​ សុខុម​ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងលោក​ ជាម​ ច័ន្ទសោភណ្ឌ​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក​ យឹម​ ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

នាឱកាសនេះ​ លោករដ្ឋមន្ត្រី​ បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការរក្សាស្ថិរភាពថ្លៃកសិផល​ សម្រាប់ប្រជាកសិករ​ និងអ្នកប្រើប្រាស់​ ដោយគោរពតាមគោលការណ៍ទីផ្សារសេរី​ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ​ ដែលជាជំនួយការបច្ចេកទេស​របស់ប្រជាកសិករ​ និងការកសាងសហគមន៍កសិកម្មទំនើប​ ដែលអាចជួយប្រជាកសិករ​កាត់បន្ថយថ្លៃដើមផលិត​ មានផែនការច្បាស់លាស់​ មានធនធានគ្រប់គ្រាន់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ និងមានស្តង់ដាការងារត្រឹមត្រូវ។

នៅចំពោះមុខអង្គពិធី លោកបានបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ធ្វើយ៉ាងណាឱ្យប្រជាកសិករ​ «មានហូប​ មានប្រើ មានបាន​ និងមានរហូត»​ ដែលលោកប្រធានមន្ទីរកសិកម្ម​ខេត្តកំពង់ស្ពឺ ​ត្រូវយកចិត្តទុកដាក់​ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅ​ និងកំណត់អាទិភាពឱ្យចំគោលដៅ​ អនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ​ លោក ឌិត ទីណា បានផ្តល់អនុសាសន៍ដល់លោកប្រធានមន្ទីរ​ ត្រូវបង្ហាញនូវចំណេះជំនាញក្នុងវិស័យកសិកម្ម​ ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ​ ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន​ ចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា​ និងសហការធ្វើការរួមគ្នាជាមួយក្រសួងកសិកម្ម​និងអាជ្ញាធរខេត្ត​ ផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ​ ជាពិសេសត្រូវមានសាមគ្គីភាព​ផ្ទៃក្នុង និងមានភាពជាអ្នកដឹកនាំ។

ពាក់ព័ន្ធនឹងការងារនយោបាយ​ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍លើកទឹកចិត្តឱ្យចូលរួម​យ៉ាងសកម្ម​ និងមានចិត្ត​ មានបេះដូង ក្នុងការលើកឡើងពីសមិទ្ធផលនានា ដែលរដ្ឋាភិបាលសម្រេចបាន​ ជាពិសេស​ត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតី​ ឬការវាយប្រហារណាមួយ​ ដោយត្រូវមានភស្តុតាងច្បាស់លាស់​ ពេញលេញ​ និងឆ្លើយតបឱ្យចំគោលដៅ៕