(តាកែវ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោកយាយ ជុំ យ៉េន ភេទស្រី អាយុជាង៨០ឆ្នាំ នៅស្រុកបាទី ខេត្តតាកែវ។

ក្នុងសេចក្ដីបំភ្លឺនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ បានអះអាងថា ពាក់ព័ន្ធការចាប់ខ្លួនឈ្មោះ ជុំ យ៉េន គឺអយ្យការអមសាសាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ចាប់ខ្លួន ដោយយោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល៨ (ប្រាំបី)ខែ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។

ចំពោះការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើនេះ អយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើឡើងតាមអំណាចសាលក្រម ដែលបានចូលស្ថាពរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ ចំណែកតួនាទីរបស់អយ្យការ គឺធានាការអនុវត្តសាលក្រមស្ថាពររបស់សាលាដំបូងប៉ុណ្ណោះ រីឯសេចក្តីសម្រេចនៃសាលក្រម គឺតុលាការជាអ្នកសម្រេច។

ជាមួយគ្នានេះ អយ្យការអមសាលាដំបូងខេត្តតាកែវ បានបញ្ជាក់ថា ក្នុងករណីនេះសាមីខ្លួនឈ្មោះ ជុំ យ៉េន បានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយបានប្ដឹងសើរើទៅតុលាការកំពូលរួចហើយដែរ ហើយបច្ចុប្បន្នសាមីខ្លួនកំពុងរង់ចាំសេចក្តីសម្រេចពីតុលាការកំពូល។

យ៉ាងណាមិញ ជុំវិញការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលោកយាយអាយុ៨២ឆ្នាំរូបនេះ ក៏មានការជជែកវែកញែកគ្នាច្រើនផងដែរ ពាក់ព័ន្ធជាមួយទិដ្ឋភាពច្បាប់ និងស្ថានភាពជាក់ស្ដែងរបស់លោកយាយ ដែលមានវ័យរហូតដល់៨២ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ។ ជាមួយគ្នានេះ នៅក្នុងដីកាបញ្ជាឲ្យចាប់ និងឃុំខ្លួនលោកយាយ គឺដាក់អាយុ៧៤ឆ្នាំ តែជាក់ស្តែងលោកយាយមានអាយុរហូតដល់៨២ឆ្នាំ ពោលកើតនៅឆ្នាំ១៩៤២៕