(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ដ៏ធំអស្ចារ្យ និងជាលើកទី១ ដែលមិនធ្លាប់មាននៅកម្ពុជា គឺ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រី SUNSHINE FAMILY PARK បឹងកក់ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ អំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា៕