(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមហ៊ុនខេមបូឌា អ៊ែរ ទ្រែហ្វីក សឺវីស (Cambodia Air Traffic Services Co., LTD) ហៅកាត់ CATS បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិស័យអាកាសចរស៊ីវិលនៅកម្ពុជា តាមរយៈការផ្ដល់នូវការចុះហ្វឹកហាត់ការងារសិក្ខាសាលា កម្មសិក្សា និងផ្ដល់ឱកាសការងារនានាជូនដល់និស្សិតដែលកំពុងសិក្សាជំនាញអាកាសចរស៊ីវិល នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ក្បែរស្ពានអាកាសចោមចៅ ក្រោមអធិបតីភាពលោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក Theeraphat KULKIJKAMJORN នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរ ទ្រែហ្វីក សឺវីស (CATS) ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CATS និងថ្នាក់ដឹកនាំ និស្សិតផ្នែកអាកាចរស៊ីវិលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាច្រើនរូបផងដែរ។

លោក Theeraphat KULKIJKAMJORN បានលើកឡើងពីការរីកចម្រើនរបស់វិស័យអាកាសចរណ៍នៅកម្ពុជា និងបានគាំទ្រការបណ្តុះបណ្តាលផ្នែកអាកាសចរណ៍នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាពិសេសជំនាញទាក់ទងទៅនឹងសេវាកម្មរបស់ក្រុមហ៊ុន ដូចជា ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ការទំនាក់ទំនង ការរុករក ការឃ្លាំមើល ព័ត៌មានអាកាសចរណ៍ និងការរៀបចំនីតិវិធីហោះហើរ ដែលជំនាញទាំងអស់នេះតម្រូវឱ្យមានការបណ្តុះបណ្តាលត្រឹមត្រូវនិងពិតប្រាដក។

លោកអគ្គនាយករង លី ណាវុឌ្ឍ បានជម្រាបជូនពីការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន៥កម្រិតសិក្សា រួមមាន៖ ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូទ័រ បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើ១៣ មហាវិទ្យាល័យ និង៤៥មុខជំនាញ ហើយមហាវិទ្យាល័យអាកាសចរស៊ីវិលមាន៣មុខជំនាញ គឺមុខជំនាញគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន មុខជំនាញគ្រប់គ្រងវិស័យអាកាសចរណ៍ និងមុខជំនាញវិស្វកម្មថែទាំយន្តហោះ។

លោកថា ការចុះហត្ថលេខាលើអនុស្សារណៈនេះបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនខេមបូឌា អ៊ែរ ទ្រែហ្វីក សឺវីស បានចូលរួមចំណែកយ៉ាងសំខាន់ជួយនិស្សិតរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តាមរយៈការផ្ដល់នូវការចុះហ្វឹកហាត់ការងារ សិក្ខាសាលា កម្មសិក្សា និងផ្ដល់ឱកាសការងារផងដែរ។

លោកអគ្គនាយករង លី ណាវុឌ្ឍ ក៏បានលើកឡើងពីការរីកចម្រើនរបស់កម្ពុជាក្រោមម្លប់សន្តិភាព បើមិនមានសន្តិភាព ក៏មិនមានការអភិវឌ្ឍលើគ្រប់វិស័យដែរ អរគុណសន្ដិភាព ដែលធ្វើឱ្យប្រជាជនរស់នៅមានសេចក្តីសុខ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​​ សែន អតីតនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋានគ្រឹះនៃឯកភាពជាតិ ឯកភាពទឹកដីនៅកម្ពុជា។

លោកក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្សជាអាទិភាពទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់៕