(បន្ទាយមានជ័យ)៖ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបទ-បានណងអៀង ត្រូវបានអាជ្ញាធរកម្ពុជា-ថៃ ឯកភាពគ្នាបន្ថែមម៉ោងបើកឲ្យធ្វើដំណើរការចេញ-ចូលដឹកទំនិញ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ខណៈកន្លងទៅអនុញ្ញាតឲ្យត្រឹមម៉ោង៦ល្ងាចប៉ុណ្ណោះ។
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា និងថៃ បានបើកកិច្ចប្រជុំមួយនៅក្នុងស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ភាគីកម្ពុជាដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ និងខាងភាគីថៃដឹកនាំដោយអភិបាលរងខេត្តស្រះកែវ រួមជាមួយមន្ត្រីពាក់ព័ន្ធទាំងពីរភាគីជាច្រើននាក់។
លោកបានបញ្ជាក់ថា ការប្រជុំរវាងអាជ្ញាធរខេត្តជាប់ជាយដែនគ្នានេះ គឺប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបទ-បានណងអៀង ត្រូវបន្ថែមវេលាដោយបើកដំណើរការចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ សម្រាប់ការចេញចូលរថយន្តដឹកទំនិញធំៗ ដែលកន្លងមកបើកដំណើរចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាចតែប៉ុណ្ណោះ។
ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀង ជាច្រកព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ ដែលបានបើកដំណើរឲ្យតែរថយន្តដឹកទំនិញចេញ-ចូលតែប៉ុណ្ណោះ ដើម្បីបញ្ចៀសការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសម្រាប់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាប្រជាពលរដ្ឋទាំងពីរភាគីធ្វើដំណើរទៅប្រកបមុខរបរធ្វើការងារតែប៉ុណ្ណោះ៕