(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមនិងអ្នកពាក់ព័ន្ធ ក្រោមឱវាទ អញ្ជើញចូលរួមសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដែលប្រឡងជាប់ជាស្ថាពរ ចំនួន ២៧នាក់ ចូលហ្វឹកហ្វឺន នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)។ ពិធីនេះ បានជួបជុំ និងរៀបចំពិធីជូនដំណើរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកវីរសេនីយឯក ម៉ាន់ ដាវីដ មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តកែប បានស្នើ និងសំណូមពរដល់កម្លាំងយោធិនៃអាវុធហត្ថថ្មី ត្រូវខិតខំរៀនសូត្រ និងបំពេញតួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឲ្យទទួល បានជោគជ័យ និងគោរពច្បាប់លក្ខន្កិកៈ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសពេលបញ្ចប់វគ្គ។
លោកវរសេនីយឯក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្ត ក្រុមគ្រួសារ យុវជនស្មគ្រ័ចិត្តទាំងអស់ ដែលបានអនុញាតឲ្យកូនចៅចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌ ឲ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិយើង។
នាឱកាសនោះលោក សោម ពិសិដ្ឋ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវបន្ដខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកអភិបាលខេត្ត បានបន្ដថា សិក្ខាកាមទាំងអស់ ត្រូវបន្ដលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យច្រើន និងទុកជាតិ ទុកប្រជាជន ឲយខ្ពស់ជាងផលប្រយោជន៍ខ្លួន។
ក្នុងឱកាសពិធីសំណេះសំណាលនោះដែរ លោកអភិបាលខេត្ត ក៏បាននាំយកនូវសម្ភារៈមួយចំនួនជូនដល់ប្អូនៗសិក្ខាកាម ដែលត្រូវទៅមជ្ឍមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយទាំងអស់ ជាការលើកទឹកចិត្ត និងសូមជូនពរ ដលល់សិក្ខាកាមទាំងអស់ មានសុខភាពល្អ ប្រកបដោយសុភមង្គល និងទទួលបានជោជ័យនូវគ្រប់ភារកិច្ច៕