(កំពង់ធំ)៖ លោកស្រី ឃួន ឃុន ឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយផ្ដល់ម៉ូតូ៣គ្រឿងដល់សិស្សជាប់និទ្ទេស A និងជំរុញឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាធនធានសម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិ។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីប្រគល់ម៉ូតូ៣គ្រឿងដល់សិស្សនិទ្ទេសA ចំនួន ៣នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រីបានថ្លែងអំណរគុណចំពោះនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ជាពិសេសស្ថិតក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលបាល ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតសំខាន់ក្នុងវិស័យអប់រំលើការបណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងន័យនេះសូមឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនតាមបែបឌីជីថល ហើយខិតខំសិក្សាស្វែងយល់ឱ្យទាន់នាសម័យទំនើបនេះ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិនេះ ត្រូវបន្តថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់រៀននិងខិតខំប្រឹងប្រែងកសាងខ្លួនឱ្យបានល្អដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់អនាគតរៀងៗខ្លួន និងសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។

លោកស្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសប្បុរសជនដែលបានជួយគាំទ្រ ថវិកា សម្ភារ ស្មារតីដើម្បីបង្កើតកម្មវិធីនេះឡើងក្នុងការលើកទឹកចិត្តដល់ក្មួយកុមារឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ពិសេសត្រូវគោរពច្បាប់ ចរាចរណ៍ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដោយយុវជនជាមូលដ្ឋានគ្រឹះនៃប្រទេសជាតិទៅអនាគត ។

លោកស្រី ឃួន ឃុនឌី បានប្រគល់ម៉ូតូដល់សិស្សនិទ្ទេស A ចំនួន៣នាក់ ដែលមកពីវិទ្យាល័យ ហ៊ុន សែន ត្បែងម្នាក់, វិទ្យាល័យទួលក្បិល២នាក់ និងឧបត្ថម្ភថវិកា២លានរៀលដល់សិស្សពិការភាពជាប់និទ្ទេស B និងឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្ស២០០នាក់ផងដែរ៕