(សៀមរាប)៖ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង៨គីឡូម៉ែត្រ និង៨៥០ម៉េត្រ និងផ្លូវបេតុងប្រវែង១,៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវបេតុងចាស់ រហូតទៅដល់តំបន់ អភិរក្សជលផលកំពង់ភ្លុក ស្ថិតក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការសម្រេចផ្តល់ផ្លូវកៅស៊ូ និងផ្លូវបេតុងនេះ បានធ្វើឡើងតាមសំណើរបស់ប្រជាពលរដ្ឋ បន្ទាប់ពីសម្តេចបានលួចឆ្មក់ចុះទៅតំបន់អភិរក្សជលផលកំពង់ភ្លុក និងឆ្លៀតចុះសួរទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាននាពេលថ្មីៗនេះ។ ការលបឆ្មក់ចុះទៅតំបន់អភិរក្សជលផលកំពង់ភ្លុកនេះ មិនមានថ្នាក់ដឹកនាំខេត្ត ឬមន្ត្រីជាន់ខ្ពស់ណាម្នាក់បានដឹងនោះទេ។
ភ្លាមៗបន្ទាប់ពីឯកភាពតាមសំណើស្នើសុំរបស់ប្រជាពលរដ្ឋ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទដោយផ្ទាល់ទៅអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានកងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប ដើម្បីចុះមកពិនិត្យ និងសិក្សាស្ថាបនាផ្លូវក្រាលកៅស៊ូ និងចាក់ផ្លូវបេតុងភ្ជាប់ជាមួយផ្លូវបេតុងចាស់នេះតែម្តង។
ក្រោយទទួលបានបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រញាប់រួតរះដឹកនាំក្រុមការងារចុះដល់ទីតាំងផ្លូវខាងលើ ដើម្បីពិនិត្យ និងសិក្សាធ្វើយ៉ាងស្ថាបនាផ្លូវនេះឱ្យបានឆាប់រួចរាល់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋដោយផ្ទាល់ជាមួយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៕