(កណ្តាល)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរួមភេទជាមួយអនីតិជនអាយុអាយុ១៥ឆ្នាំ, ជំរិតទារប្រាក់ និងទម្លាយវីដេអូអាសអាភាស ដែលយុវជនរូបនេះ បានលួចថតពេលរូបគេ និងក្មេងស្រីរងគ្រោះ បានធ្លាប់តេតាម Facebook ហើយលួងឲ្យស្រាត។
ជនសង្ស័យត្រូវបានកម្លាំងជំនាញ ឃាត់បាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចលើផ្លូវជាតិលេខ ២១B ស្ថិតនៅ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ស កដ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងភ្លើងរោងចក្រ មានទីលំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយឈ្មោះ ច ណរ អាយុ១៥ឆ្នាំ (កើតឆ្នាំ២០០៩) នៅក្រុងសំពៅពូន ខេត្តកណ្តាល។
វត្ថុតាង និងសម្ភារចាប់យករួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LE-8112, ទូរស័ព្ទដៃម៉ាក IPHONE X ពណ៌ស ០១គ្រឿង។
សភាពនៃរឿងហេតុ ជនសង្ស័យ និងជនរងគ្រោះបានស្គាល់គ្នាតាមរយៈ Facebook ក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ ក្រោយមកបានស្រលាញ់សង្សារគ្នាលុះដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យបានមកធ្វើការនៅក្រុមហ៊ុនជាមួយនឹងជនរងគ្រោះ (ក្រោយមកឈប់ធ្វើការ) ពេលធ្វើការជាមួយគ្នាជនរងគ្រោះ និងជនសង្ស័យធ្លាប់បានរួមភេទជាមួយគ្នាចំនួន០៨លើក ចាប់ខែមីនា ឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ។
ហើយពេលដែលខលវីដេអូតាម Facebook ជាមួយជនរងគ្រោះម្ដងៗជនសង្ស័យតែងតែឱ្យជនរងគ្រោះស្រាតអាក្រាតកាយដើម្បីបង្ហាញឱ្យខ្លួនមើលហើយជនសង្ស័យតែងតែលួចថតជាវីដេអូទុកក្នុងទូរស័ព្ទជានិច្ច ពេលដែលនៅទំនាក់ទំនងជាសង្សារជាមួយគ្នាជនសង្ស័យតែងតែជេរប្រមាថជនរងគ្រោះ រហូតដល់ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះទ្រាំ និងទង្វើររបស់ជនសង្ស័យ លែងបានក៏សុំជនសង្ស័យបែកគ្នាតែជនសង្ស័យមិនព្រមបែក ហើយតែងតែខល និងឆាតតាម Faceebook គំរាមទារប្រាក់ពីជនរងគ្រោះជាច្រើនលើក ក្នុងមួយលើកៗចាប់ពី ១៥ដុល្លារ ទៅ ២០ដុល្លារ ពេលខ្លះឈានដល់ ១០០ដុល្លា ដោយគំរាមជនរងគ្រោះថាបើមិនឱ្យ និងបង្ហោះរូបភាពនិងវីដេអូដែលគេបានលួចថត។
ជនសង្ស័យបានលួចយកអាខោន Facebook របស់ជនរងគ្រោះហើយបានផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះទៅអ្នកដែលស្គាល់ជនរងគ្រោះជាង១០នាក់រួចមកហើយថែមទាំងយករូបភាពជនរងគ្រោះដាក់ប្រូហ្វាល់តេឡេក្រាម ដើម្បីលក់វីដេអូទៅឱ្យមនុស្សផ្សេងៗជាច្រើននាក់ទៀត។
លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យបានគំរាមជនរងគ្រោះម្ដងទៀត ដោយទាប្រាក់ពីជនរងគ្រោះចំនួន ១៥០ដុល្លារ ដោយទ្រាំលែងបានជនរងគ្រោះក៏បានប្រាប់រឿងទាំងអស់ទៅម្តាយឱ្យដឹង ពេលនោះម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន ដើម្បីឱ្យជួយអន្តរាគមន៍។
ក្រោយទទួលពាក្យបណ្ដឹងរួច នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសំពៅពូន ក៏បានធ្វើការស្រាវជ្រាវ និងបានធ្វើការនាំខ្លួនជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យបានអនុវត្តតាមនីតិវិធីច្បាប់រួច។
ចំពោះករណីនេះ សមត្ថកិច្ចសូមផ្តាំផ្ញើ ផ្សព្វផ្សាយដល់ឪពុកម្ដាយ អាណាព្យាបាល ទាំងអស់ សូមយកចិត្តទុកដាក់គ្រប់គ្រង តាមដានត្រួតពិនិត្យ កូនចៅ ពិសេសការប្រើប្រាស់បណ្ដាញសង្គម តាមទូរស័ព្ទកុំឱ្យមានរឿងអាស្រូវដូចរឿងនេះ យឺតពេល៕