(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកផលិតមាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង ប៉ុន្តែក៏នាំនូវការពិត និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងសង្គម, អ្នកផលិតមាតិកា Content Creator ខុសពីក្រុម MMO “Make Money Online“ គឺគេមិនខ្វល់ពីក្រមសីលធម៌វិជ្ជាជីវៈអ្វីនោះទេ គេគិតត្រឹមតែចង់បាន Like Comment Shares ដើម្បីទទួលបានលុយពី Facebook TikTok ឬប្រពន្ធ័ផ្សេងៗទៀតនូវការអរគុណដល់អ្នកបង្កើតមាតិកាទាំងអស់ដែលបានធ្វើការផលិតនូវមាតិកាយ៉ាងច្រើនធ្វើឱ្យប្រជាជនសម្បូរណ៍
Content ក្នុងការមើល ដែលជាចំណុចមួយក្នុងការកាត់បន្ថយនូវស្ត្រេសតាមរយៈការទស្សនាមាតិកាដែលកំប្លែងសប្បាយ។
ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងជូនបណ្ណសរសើរអ្នកបង្កើតមាតិកាជាង ១០០នាក់ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។
តាមរយៈនេះដែរ លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់ក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម Influencers ត្រូវបន្តផលិត Content មិនត្រឹមតែសម្រាប់ប្រជាជនក្នុងប្រទេសខ្មែរនោះទេ គឺគិតពីការផលិត Content ដែលមានលក្ខណៈនូវតម្លៃជាសកល ដើម្បីចូលរួមផ្សព្វផ្សាយដោយផ្ទាល់អំពីការពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលជាការផ្តល់ផលប្រយោជន៍ដល់ជាតិ ប្រជាជនរបស់ខ្លួន និងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពបានរឹងមាំ។
នៅក្នុងឱកាសនេះដែរ លោក រដ្ឋមន្ត្រី នេត្រ ភត្ត្រា ស្នើដល់អ្នកផលិតមាតិកាទាំងអស់បន្តបង្កើត Content ល្អ ល្បឿនលឿន ហើយសូមគោរពក្រមសីលធម៌វិជ្ជាជីវៈ របស់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok Facebook ជាដើម ដោយមិនផ្សាយរូបអាក្រាត រូបហិង្សា ការធ្វើឱ្យមានការស្អប់រើសអើងជាតិសាសន៍ផ្សេងៗ ហើយក៏ត្រូវគោរពនូវក្រមសីលធម៌ក្នុង វិជ្ជាជីវៈសារព័ត៌មាន ទោះបីបងប្អូនជាអ្នកបង្កើតមាតិកាផ្សាយក៏ដោយតែជាអ្នកស្ថិតនៅក្នុងចង្កោមនៃវិស័យព័ត៌មាន និងសោតទស្សន៍ ដែលត្រូវគោរពវិជ្ជាជីវៈឱ្យបានល្អ។ ដូច្នេះត្រូវបូកបន្ថែមខ្លឹមសារ ល្បឿន ក្រមសីលធម៌ វិជ្ជាជីវៈរួមជាមួយការពិត និងតម្លៃសម្រាប់ផ្តល់ដល់អ្នកចំណាយពេលទស្សនា។
លោករដ្ឋមន្ត្រីបានរម្លឹកដល់អ្នកផលិតមាតិកា ត្រូវប្រុងប្រយ័ត្នខ្ពស់ គឺប្រសិនបើមានភាព មិនច្បាស់នោះទេសូមកុំផ្សព្វផ្សាយ ព្រោះនៅពេលដែលយើងផ្សព្វផ្សាយនូវព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ព័ត៌មានអាក្រក់ គឺមានការសាយភាយលឿនណាស់ ទោះបីយើងផ្សាយកែតម្រូវវិញមិនសូវមានអ្នកមើលនោះទេ។ តែទោះជាយ៉ាងណាប្រពន្ធ័ផ្សព្វផ្សាយបុរាណ មានវិទ្យុ ទូរទស្សន៍ ទោះបីការផ្សាយយឺតបន្តិច តែធ្វើឱ្យមានតុល្យភាពគ្រប់ជ្រុងជ្រោយពេញលេញ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា គ្រោះថ្នាក់បច្ចុប្បន្ននៅក្នុងបណ្តាញទំនាក់ទំនងសង្គមលឿន គឺជាមានគុណសម្បត្តិ និងគុណវិបត្តិ ហើយគុណសម្បត្តិ គឺធ្វើឱ្យប្រជាជនទទួលបានព័ត៌មានលឿន ប៉ុន្តែប្រសិនជាព័ត៌មាននោះខុសនឹងធ្វើឱ្យគ្រោះថ្នាក់កាន់តែច្រើន។ បើសិនជាព័ត៌មានក្លែងក្លាយដឹកមុខយើងកាន់តែច្រើននោះនឹងធ្វើឱ្យមានផលប៉ះពាល់កាន់តែច្រើន។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អ្នកផលិតមាតិកា ដែលមានឥទ្ធិពលក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមជួយធ្វើការផ្សាយសារបញ្ជ្រាបអប់រំឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃការប្រើ ប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ការគោរពសីលធម៌ក្នុងសង្គម ដើម្បីឱ្យសាធារណជនបានយល់ដឹងកាន់តែច្បាស់។
លោក ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា ការជួបជុំគ្នាជាលើកទី១ រវាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយអ្នកបង្កើតមាតិកាសង្គម បរិស្ថាន មនុស្សធម៌ អប់រំ បច្ចេកវិទ្យា ទេសចរណ៍ វប្បធម៌ នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីបង្កើតជាថ្នាលឱ្យមានកិច្ចសហការរវាងក្រសួងព័ត៌មាន ជាមួយបងប្អូនអ្នកផលិត Content ទាំងអស់ ដែលអាចចូលរួមយ៉ាងសំខាន់ក្នុងការប្រែក្លាយនិន្នាការវិវត្តន៍ថ្មីទាំងនេះឱ្យទៅជាកាលានុវត្តភាព ប្រកបដោយថាមពល និងប្រសិទ្ធភាពខ្ពស់តាមរយៈការរួមគ្នាបង្កើត និងចែករំលែកមាតិកា ចំណេះដឹង ជាគុណប្រយោជន៍ផ្សព្វផ្សាយពីរម្មណីយដ្ឋាន បរិស្ថាន មនុស្សធម៌ ទេសចរណ៍ និងវប្បធម៌របស់ប្រទេសកម្ពុជា៕