(ប៉េកាំង, ចិន)៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាឭកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង ប្រទេសចិន។
ជាកិច្ចចាប់ផ្តើមក្នុងជំនួបនោះ លោក ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបសម្តេចតេជោជាមិត្តចាស់សាជាថ្មី និងបានចាត់ទុកសម្តេចតេជោ ជាអ្នកនយោបាយជើងចាស់ ជាអ្នកដឹកនាំមានទស្សនៈនយោបាយវែងឆ្ងាយ មានបទពិសោធន៍កម្ររកបាន ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ជាប្រវត្តិសាស្ត្រ។ លោកប្រធានាធិបតី បានលើកឡើងថា ក្នុងពេលជំងឺរាតត្បាតកូវីដ១៩ផ្ទុះឡើង លោកមានក្តីរំភើបយ៉ាងខ្លាំង ដែលសម្តេចតេជោ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានបង្ហាញពីជំហរដ៏រឹងមាំរបស់សម្តេចតេជោ ជាមួយរដ្ឋ ប្រជាជន និងគណបក្សកុម្មុយនីស្តចិន។
លោក ស៊ី ជីនពីង បានបន្តថា ចិន និងកម្ពុជា តែងតែរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលមានការប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ។ ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។
នាឱកាសនោះ សម្តេចតេជោ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ី ជីនពីង ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចនាពេលនេះ និងបានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោក ប្រធានាធិបតីផងដែរ។ សម្តេចតេជោ បានបន្ថែមថា នេះជាឱកាសល្អដែលបានមកបំពេញទស្សនកិច្ចសាជាថ្មី ក្រោយរយៈពេល២០ខែ បន្ទាប់ពីទស្សនកិច្ចលើកមុនកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក ។
សម្តេចតេជោ បានថ្លែងអំណរគុណលោក ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ជួយឱ្យកម្ពុជា មានលទ្ធភាពធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។
សម្តេចតជោ ក៏បានជម្រាបលោកប្រធានាធិតី ស៊ី ជីនពីង អំពីការផ្លាស់ប្តូរអ្នកដឹកនាំ ដែលបន្តការដឹកនាំមួយល្អប្រសើរអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ហើយអ្នកដឹកនាំបន្តវេនជំនាន់ថ្មី បានធ្វើការងារក្នុងល្បឿនលឿន ឈានទៅមុខរក្សាបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិ ច្ច ទប់ស្កាត់អតិផរណា និងធ្វើឱ្យជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។
ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជាការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស។
សម្តេចតេជោ បានលើកឡើងផងដែរអំពីការពង្រឹងទំនាក់ទំនងជឿជាក់ និងទំនុកចិត្តខាងនយោបាយ ដោយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្ស និងបក្ស និងរវាងរដ្ឋទាំងពីរ។ សម្តេចតេជោ បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។
សម្តេចតេជោ បានថ្លែងអំណរគុណប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ ដោយសារជាគម្រោងមានតាំងពីសម័យព្រះបាទអង្គឌួង។ គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។
សម្តេចតេជោ បានស្នើបន្ថែមថា ចិន និងកម្ពុជា៖ (១) បន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោក ការបង្រ្កាបបទល្មើសល្បែងអនឡាញ ...។ល។, (២) បន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស ជាពិសេសទំនាក់ទំនងរវាងចលនាមហាជន និងគណៈទាក់ទងបរទេស។ តាមបទពិសោធរបស់សម្តេចតេជោ ការស្គាល់គ្នាដែលចាប់ផ្តើមពីយុវជន និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន គឺមានអត្ថប្រយោជន៍ ក្នុងការពង្រឹងទំនាក់ទំនងរវាងគណបក្សទាំងពីរទៅអនាគត និង (៣) បន្តពង្រឹងទំនាក់ទំនងកិច្ចការបរទេស ជាពិសេសក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ បានអញ្ជើញលោកប្រធានាធិបតី ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាថ្មីម្តងទៀតនៅកម្ពុជា ដើម្បីបានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ធៀបនឹងទស្សនកិច្ចផ្លូវរដ្ឋរបស់លោកកាលពីឆ្នាំ២០១៦។
ជាកិច្ចឆ្លើយតបលោកប្រធានាធិបតី ស៊ី ជីនពីង បានឯកភាពចំពោះការវាយតម្លៃទំនាក់ទំនងកម្ពុជា-ចិន របស់សម្តេចតេជោ។ លោក ស៊ី ជីនពីង ក៏បានលើកឡើងថាប្រទេសចិន និងកម្ពុជា នឹងបន្តពង្រឹងការគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដើម្បីការពារផលប្រយោជន៍ស្នូលនៃប្រទេសទាំងពីរ។ លោក ស៊ី ជីនពីង ក៏បានលើកឡើងអំពីការផ្លាស់ប្តូរទស្សនៈ និងបទពិសោធក្នុងការកសាងគណបក្សរៀងៗខ្លួន និងបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំដោយសារសម្តេចតេជោ រីឯគណបក្សកុម្មុយនីស្តចិន ក៏បានធ្វើការពង្រឹងគណបក្សឱ្យកាន់តែរឹងមាំឡើងជាលំដាប់ផងដែរ។
លោក បានបន្ថែមថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។
លោក ស៊ី ជីនពីង ក៏បានជំរុញការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ច-កោណរបស់រាជរដ្ឋាភិបាលអណត្តិថ្មី ។ លោក ស៊ី ជីនពីង មានក្តីសប្បាយរីករាយ ដែលកម្ពុជាសម្រេចបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយគ្នានេះដែរ កម្ពុជា-ចិន នឹងបន្តការផ្លាស់ប្តូរប្រជាជនឱ្យកាន់តែជិតស្និទ្ធ ដោយកម្ពុជាជាគោលដៅពេញនិយមសម្រាប់ទេសចរចិន។ លោក ស៊ី ជីនពីង បានបន្ថែមថា កម្ពុជា-ចិន មានទំនុកចិត្ត ទៅវិញទៅមក ក្នុងការដោះស្រាយភាពស្មុគស្មាញនៃស្ថានការណ៍អន្តរជាតិ ហើយភាគីចិនគាំទ្រតួនាទីកាន់តែសកម្មរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ។
ជាចុងក្រោយ លោក ស៊ី ជីនពីង រីករាយទទួលការអញ្ជើញរបស់សម្តេចតេជោ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមពេលវេលាសមស្រប នាពេលខាងមុខ។ លោក ស៊ី ជីនពីង សូមសម្តេចតេជោ ពាំនាំនូវសេចក្តីសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរសម្តេចតេជោ និងគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងស្នាក់នៅប្រទេសចិនដោយសប្បាយរីករាយ៕