(ត្បូងឃ្មុំ)៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានចុះពិនិត្យច្បារពូជក្លូនកៅស៊ូកម្ពុជា «CRRI 12 និង CRRI 19» របស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

បេសកកម្មនេះមានការចូលរួមផងដែរដោយ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូនិងសហការី លោក ផេន ភារុន នាយករងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងសហការី។

វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ជាវិទ្យាស្ថានមួយដែលបានយកចិត្តទុកដាក់ដល់ការស្រាវជ្រាវបង្កាត់ពូជកៅស៊ូ សំដៅបង្កើតនូវក្លូនកៅស៊ូកម្ពុជាដែលមានសក្តានុពល បន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ មានទិន្នផលខ្ពស់ និងលូតលាស់ល្អសមស្របនឹងលក្ខខណ្ឌបរិស្ថាននៃប្រទេសកម្ពុជា។

ពូជកៅស៊ូកម្ពុជាចំនួន២ គឺ CRRI 12 និង CRRI 19 ដែល លោក ប្រាក់ ដាវីដ បានចុះពិនិត្យនាពេលនេះ ប្រសូត្រចេញពីការសិក្សាស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធន៍នៅលើស្ថានីយ៍ពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា អស់រយៈពេល១៤ឆ្នាំ តាមរយៈកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងមជ្ឍមណ្ឌលសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម (CIRAD)។

នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានទទួលវិញ្ញាបនបត្របញ្ចេញប្រភេទពូជដំណាំពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើក្លូនកៅស៊ូកម្ពុជាទាំងពីរ ដើម្បីបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ៕