(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីឡាវ និងភរិយា អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ការអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី វណ្ណដាឡា ស៉ីផាន់ដន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងឱកាសបំពេញទស្សនកិច្ច លោកបណ្ឌិត សនសៃ ស៊ីផាន់ដន និង លោកជំទាវ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
នាយករដ្ឋមន្ត្រីឡាវ នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
លោកបណ្ឌិត សនស ស៊ីផាន់ដន នឹងមានជំនួបទ្វេភាគីជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។
ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជា អធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
ក្នុងអំឡុងពេលនៃទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕