(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះសិក្សាប្លង់គោល និងពិនិត្យលទ្ធភាពផ្លូវច្រកទ្វារព្រំដែន ចរ១ នៃឃុំថ្មដា ដើម្បីស្នើសុំគោលការណ៍ទៅសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្រេចស្ថាបនាសាងសង់ ក្រោយរាជរដ្ឋាភិបាល (កម្ពុជា-ថៃ) ឯកភាពបើកដំណើរការច្រក ចរ១-ឆាំរ៉ាក ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម ក្នុងពេលឆាប់ៗខាងមុខ។

ការចុះសិក្សា និងពិនិត្យខាងលើនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីជម្រុញដំណើរការ បើកច្រកតំបន់ រវាងកម្ពុជា-ថៃ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ឱ្យបានឆាប់រហ័ស។ 

លោក ខូយ រីដា បានឱ្យដឹងថា ច្រកព្រំដែន ចរ១ ដែលស្ថិតក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងច្រកព្រំដែន ឆាំរ៉ាក ដែលស្ថិតក្នុងភូមិឆាំរ៉ាក ឃុំលែមក្លាត់ ស្រុកត្រាត ខេត្តត្រាត ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ស្រុះស្រួល និងឯកភាពគ្នា ឱ្យដំណើរការឡើងវិញ ទៅជាច្រកតំបន់ពាណិជ្ជកម្ម។ សម្រាប់ភាគីខេត្តនឹងខេត្ត ពោលគឺខេត្តពោធិ៍សាត់ និងខេត្តត្រាត ក៏បាននឹងកំពុងត្រៀមជួបពិភាក្សាគ្នា ដើម្បីបង្កលក្ខណៈធ្វើឱ្យប្រសើរឡើង និងបង្កើនភាពស្និទ្ធស្នាល ឆ្លើយតបឱ្យបានឆាប់រហ័ស តាមបំណងប្រាថ្នា នៃការបើកច្រកតំបន់ពាណិជ្ជកម្មនេះ។

លោកបានបន្តថា ពិតណាស់ដំណើរការបើកច្រកព្រំដែន គឺមិនមានភាពងាយស្រួលនោះទេ តែបញ្ហាទាំងនោះយើងមិនអាចដាក់ជាបញ្ហាធំចម្បងនោះឡើយ។ កត្តាដែលសំខាន់ ច្រកព្រំដែនអាចដំណើរការទៅបាន ទាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយកិច្ចការងារខ្លះ ក៏ត្រូវមានយោគយល់ និងចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។ នៅពេលខាងមុខនេះ យើងត្រូវរៀបចំប្លង់គោល និងស្នើសុំគោលការណ៍សម្រេច ទៅសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះផ្លូវតាមខ្សែបន្ទាត់ព្រំដែន ដែលរងការខូចខាតដោយទឹកភ្លៀងហូរច្រោះ យើងក៏មានកញ្ចប់ថវិកាស្ម័គ្រចិត្ត ពីសប្បុរសជន ហើយមន្ទីរសាធារណការ ប្តេជ្ញាចូលរួមជួសជុលឱ្យបាន យ៉ាងយូរ១ខែឱ្យហើយ។

សូមជម្រាបជូនថា ក្នុងថ្ងៃដដែលនោះ នៅសាលាឃុំថ្មដា លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ និងពង្រឹងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងណែនាំកិច្ចការងារមួយចំនួន ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋបាលឃុំ ទាក់ទងនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងសំណង់ និងសំរាម នៅក្នុងឃុំថ្មដា ស្រុកវាលវែងផងដែរ៕