(ប៉េកាំង, ចិន)៖ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃលើកទឹកដីចិន របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបិទបញ្ចប់ហើយ។ នៅវេលាថ្ងៃត្រង់ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរនិវត្តន៍មកកម្ពុជាវិញហើយ។
ដំណើរនិវត្តន៍របស់សម្តេចតេជោ មានការអញ្ជើញជូនដំណើរពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិនផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាថ្មីលើទឹកដីមហាមិត្តចាស់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ។ ដំណើរទស្សនកិច្ច៣ថ្ងៃនៅប្រទេសចិនជាមហាមិត្ត សម្តេចតេជោ ហ៊ុន សែន បានជួយសម្តែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងទស្សនកិច្ចនៅសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន។
ដំណើរទស្សនកិច្ចថ្មី ក្នុងតួនាទីថ្មីលើទឹកដីមិត្តចាស់របស់សម្តេចតេជោ មានរយៈពេលខ្លី តែបានជាចំណែកធំធេងក្នុងការពង្រឹងបន្ថែមនូវស្មារតីជាមិត្តភាពរវាងកម្ពុជា-ចិន ឱ្យរឹងរឹតតែរឹងមាំក្នុងការកសាងគោលបានយោបាយសហគមន៍ជោគវាសនារួមកម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការត្បូងពេជ្រជាដើម ក៏ដូចជាកិច្ចអភិវឌ្ឍន៍នៅកម្ពុជា រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលទាមទារការគាំទ្រជាចាំបាច់ពីប្រទេសចិន។
បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក៏បានជាចំណែកបញ្ជាក់បន្ថែមពីស្មារតីរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយអ្នកបន្តវេណ គឺបន្តរក្សាយ៉ាងរឹងមាំនូវចំណងមិត្តភាពកម្ពុជា-ចិន៕