(ភ្នំពេញ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» រៀបចំឡើងដើម្បីឱ្យសាធារណៈជនជ្រាបពី គុណភាពត្រីចិញ្ចឹមរបស់កម្ពុជា ប្រកបដោយស្ដង់ដារ អនាម័យ និងអាចទទួលទានបានដោយមិនប៉ះពាល់សុខភាព។
អ្នកនាំពាក្យក្រសួងកសិកម្មរូបនេះ បានលើកឡើងថា ពិពណ៌វារីវប្បកម្មជាលើកដំបូងនេះ ដែលផ្ដួចផ្ដើមរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិស័យវារីវប្បកម្មនៅកម្ពុជា។ បន្ថែមពីនេះ គឺដើម្បីបញ្ជាក់ថាតើរហូតមកទល់ពេលនេះ វិស័យវារីវប្បកម្មនៅកម្ពុជាបានបើកដំណើរដល់ណាហើយ ដ្បិតកាលពីមុនប្រជាពលរដ្ឋទូទៅ លោកពុំសូវទទួលទានត្រីចិញ្ចឹម ដោយលោកមានទស្សនៈថាត្រីចិញ្ចឹមនេះមិនត្រូវតាមគុណភាពស្ដង់ដារអនាម័យ ហើយវាអាចប៉ះពាល់ដល់សុខភាពនៅពេលដែលបរិភោគចូលទៅ។
កញ្ញា បានបន្តថា ក៏ប៉ុន្តែតាមរយៈកិច្ចការងាររស់ក្រសួងកសិកម្ម អនុវត្តផ្ទាល់ដោយរដ្ឋបាលជលផល ដោយមានការសហការពីវារីវប្បករ សមាគមន៍វារីវប្បករ ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូល ក្រុមហ៊ុនផ្គត់ផ្គង់ចំណី សហគ្រាសអ្នកកែច្នៃ។ កញ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកទល់ពេលនេះ វិស័យវារីវប្បកម្មរបស់យើង បានវិវត្តទៅមុខគួរឱ្យកាត់សម្គាល់ ហើយមានសញ្ញាវិជ្ជមានជាច្រើន ដែលក្រសួងចាំបាច់ត្រូវបង្ហាញឱ្យសាធារណៈជនបានជ្រាបថា គុណភាពត្រីចិញ្ចឹមរបស់កម្ពុជា មានស្ដង់ដារ មានអនាម័យ ហើយអាចទទួលទានបានដោយមិនប៉ះពាល់ដល់សុខភាព»។
លើសពីនេះទៅទៀត កញ្ញា បានឱ្យដឹងថា តាមរយៈពិពណ៌វារីវប្បកម្មនៅកម្ពុជា សាធារណជនទូទៅអាចជ្រាប អាចស្គាល់ អាចយល់កាន់តែច្បាស់ពីខ្សែច្រវាក់នៃវិស័យវារីវប្បកម្មទាំងមូល តាំងពីការជ្រើសរើសពូជត្រីយកមកចិញ្ចឹម ការផ្ដល់ចំណីត្រី បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់នៅក្នុងវារីវប្បកម្មនេះ។ យើងសង្ឃឹមថា តាមរយៈការយល់ដឹងអស់ទាំងនេះ ប្រជាពលរដ្ឋទូទៅ លោកនឹងមានជំនឿជឿជាក់ទៅលើត្រីចិញ្ចឹមនៅកម្ពុជាថា មានគុណភាព មានសុវត្ថិភាព អាចទទួលទានបាន។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានគូសបញ្ជាក់ថា ក្រសួង បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវារីវប្បកម្មនៅកម្ពុជា ហើយបានសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន ដៃគូ អង្គការ សមាគមន៍ អ្នកចិញ្ចឹមត្រី ព្រមទាំងសហគ្រាសកែច្នៃត្រី ធ្វើយ៉ាងណាដើម្បីឱ្យវិស័យនេះមានគុណភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានវិសាលភាពកាន់តែទូលំទូលាយ ដើម្បីធានានូវសុវត្ថិភាពចំណីអាហារសម្រាប់អ្នកបរិភោគ, ធានានូវស្ថេរភាពតម្លៃត្រីដែលដាក់លក់នៅលើទីផ្សារ និងធានានូវនិរន្តរភាពត្រីនៅក្នុងធម្មជាតិផងដែរ។
សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ដ៏ធំអស្ចារ្យ និងជាលើកទី១ ដែលមិនធ្លាប់មាននៅកម្ពុជា គឺ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រី SUNSHINE FAMILY PARK បឹងកក់ រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ស្នាដៃរបស់វារីវប្បកម្មខ្មែរ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ អំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា៕