(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។
សម្តេចបានបន្តថា ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន និងវិនិយោគិន ដែលជាប្រជាជនកម្ពុជាដូចគ្នា បានជួបបញ្ហានៃការវិនិយោគលើវិស័យអចលនទ្រព្យកន្លងទៅ រាជរដ្ឋាភិបាលបានខិតខំរកដំណោះស្រាយ ដែលអាចផ្តល់ឱកាសឱ្យអ្នកវិនិយោគអាចបន្តរស់រាន និងដំណើរការការសាងសង់ផ្ទះជូនអតិថិជន ហើយអតិថិជនក៏អាចទទួលបានផលដែលខ្លួនបានចំណាយ និងរំពឹងទុក។
បើតាមសម្តេចធិបតី, ពិតណាស់ថាអាចមានការយឺតបន្តិច តែរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ និងខិតខំរកមធ្យោបាយ ការសម្របសម្រួល និងអនុគ្រោះផ្សេងៗ ដើម្បីស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យឱ្យល្អប្រសើរឡើងវិញ។ ជាក់ស្តែងក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមានបុរី ចំនួន ២៧ ស្មើនឹង ៧៧ គម្រោង ផ្សារនិងខុនដូ ចំនួន ៤ គម្រោង និងដីឡូតិ៍ ចំនួន ១៨ គម្រោង ក្នុងនោះយើងដោះស្រាយបានចំនួន ៥៣ គម្រោង នៅសល់ ចំនួន ៤៦ គម្រោង ដែលនឹងបន្តដោះស្រាយជាបន្តបន្ទាប់៕