(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Dr Denis Laurent ) អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញដោយផ្ទាល់ដើម្បីទទួលថវិកាឧបត្ថម្ភពីឧកញ៉ា សុខ ឆាយ អគ្គនាយកបណ្ណាគារអន្តរជាតិ IBC ចំនួន ៤០,០០០,០០០រៀល ដែលបានបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកជួយទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យ ក្នុងការពិនិត្យ និងព្យាបាលកុមារជាង ១លាននាក់ជារៀងរាល់ឆ្នាំ។

នាឱកាសនោះដែរលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ បានថ្លែងអំណរគុណដល់ឧកញ៉ា សុខ ឆាយ អគ្គនាយកបណ្ណាគារអន្តរជាតិ IBC ដែលតែងតែបានធ្វើសកម្មភាពសប្បុរសធម៍​ជួយដល់សង្គមជាបន្តបន្ទាប់ ជាពិសេសគឺបានចូលរួមបរិច្ចាគថវិកាដើម្បីទ្រទ្រង់ដល់សម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ហើយលោកក៏បានស្នើឱ្យលោកអគ្គនាយកបណ្ណាគារអន្តរជាតិ IBC ចូលរួមជួយជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗ​​ទៀតក្នុងបុព្វហេតុជួយសង្គ្រោះដល់កុមារកម្ពុជាផងដែរ។

នាឱកាសនោះឧកញ៉ា សុខ ឆាយ បានឱ្យដឹងដែរថា ការរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផានាពេលនេះក៏ដើម្បីជាការរំលឹកដល់ខួប ៣០ឆ្នាំនៃការបង្កើតបណ្ណាគារ IBC ក្នុងការចូលរួមជួយដល់វិស័យអប់រំ​មកដល់ពេលនេះ, នេះក៏មិនមែនជាលើកទី១ ដែល IBC ធ្វើសកម្មភាពសប្បុរសធម៍នោះទេ គឺ IBC តែងតែធ្វើសកម្មភាពសប្បុរសធម៍ជាបន្តបន្ទាប់ផងដែរ ជាក់ស្តែង IBC តែងតែជួយដល់កាកបាទក្រហម​ជាប្រចាំឆ្នាំតែម្តង ក្នុងនោះក្រុមការងាររបស់បណ្ណាគារ ក៏តែងតែបានដើរចែកអំណោយដល់សិស្សានុសិស្សនៅតាម​សាលារៀននៅជនបទជាបន្តបន្ទាប់ផងដែរ។

បើតាមការបញ្ជាក់ពីឧកញ៉ា សុខ ឆាយ មន្ទីរពេទ្យគន្ធបុប្ផា បានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមជួយសង្គ្រោះដល់កុមារកម្ពុជាបានយ៉ាងល្អ និងមានប្រសិទ្ធភាពខ្ពស់ ហើយមន្ទីរពេទ្យគន្ធបុប្ផា ក៏បានចូលរួមចំណែក​យ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សាសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារតែម្តង។

ឧកញ៉ា សុខ ឆាយ បានបន្ថែមថា បណ្ណាគារ IBC គឺនៅតែបន្តធ្វើសកម្មភាពមនុស្សធម៍ជាបន្តបន្ទាប់ទៀតដើម្បីជាការចូលរួមចំណែកជួយដល់សង្គមជាតិវិញផងដែរ, លោកក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមទាំងអស់គ្នាក្នុងការបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឱ្យមន្ទីរពេទ្យមានទុនសម្រាប់ជួយសង្គ្រោះដល់កុមារកម្ពុជាផងដែរ។

បើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានព្យាបាលកុមារនៅផ្នែកពិគ្រោះជំងឺក្រៅ បានចំនួន ៨៥៦ ០៦៦ករណី, កុមារសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន ១៧០ ៤៤៨នាក់, បានពិនិត្យតាមដានផ្ទៃពោះចំនួន ៩៦ ៤៧៧នាក់, សម្រាលកូនបានចំនួន ១៩ ៣៨៣នាក់, ការវះកាត់ទូទៅចំនួន ២៨ ៦១០នាក់, វះកាត់ជំងឺបេះដូងពីកំណើតបានចំនួន ៩១៥នាក់៕