(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឃុំសង្កាត់ចំនួន៨៥ ស្មើ៧១% នៃចំនួនឃុំសង្កាត់ នៅតាមបណ្តោយផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ នៅក្នុងខេត្តគោលដៅទាំង៧ នៃប្រទេសកម្ពុជា ត្រូវបានសម្អាតដោយក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនោះ មានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប១៣,២៦២នាក់។

ជាមួយគ្នានេះ យុទ្ធនាការបានបំបាត់គំនរសំរាម ដែលមិនរៀបរយចំនួន ២២១កន្លែង និងប្រមូលទុកដាក់សំណល់សរុបចំនួន ៤២,៣២៣គីឡូក្រាម និងបានអនុវត្តលើកំណាត់ផ្លូវ ៣២៤គីឡូម៉ែត្រ ស្មើនឹង៥១% នៃប្រវែងផ្លូវសរុប។

សូមជម្រាបថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តផែនការសកម្មភាព «ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅបណ្តារាជធានី ខេត្តចំនួន៧ តាមដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ គោលបំណងនៃផែនការសកម្មភាពនេះ គឺជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិសម្រាប់ ឆ្នាំ២០២៥»៕