(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រីក្រោមឱវាទ ផ្តល់សេវាសុខាភិបាល ដោយផ្តោតលើតំរូវការប្រជាពលរដ្ឋ។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសចូលរួមសំណេះសំណាល និងធ្វើបទបាឋកថាក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៨៣៥នាក់ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ដើម្បីឆ្លើយតបនឹងការផ្តល់សេវាសុខាភិបាល ដោយផ្តោតលើតំរូវការប្រជាពលរដ្ឋ លោកសាស្ត្រាចារ្យបានផ្តល់នូវគន្លឹះចំនួន៦ រួមមាន៖

១- រៀបចំសេវាឱ្យមានលក្ខណៈពិសេស សម្រាប់បុគ្គលនីមួយៗ ២) ផ្តល់សេវាដោយសុចរិត
៣- ផ្តល់សេវាឱ្យឆ្លើយតប ឬលើសពីការរំពឹងទុករបស់ប្រជាពលរដ្ឋ
៤- ផ្តល់ដំណោះស្រាយ ដល់អ្នកមានតំរូវការសេវា ឱ្យបានសមរម្យ និងទាន់ពេល
៥- បន្តរខិតខំកែរលំអរសេវាបន្ថែម
៦- ផ្តល់សេវាដោយក្តីករុណា។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ យកប្រធានបទ «ធ្វើដូចម្តេចដើម្បីឱ្យអង្គភាពសុខាភិបាលនីមួយៗ ទទួលបានជោគជ័យ?» ទៅធ្វើការប្រជុំពិភាក្សាបំផុសគំនិត និងដាក់ចេញជាសកម្មភាពឱ្យបានគ្រប់អង្គភាព៕