(ភ្នំពេញ)៖ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរនៅវិមានឯករាជ្យ។
លោកនាយករដ្ឋមន្រ្តីឡាវ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងដំណើរទស្សនកិច្ច២ថ្ងៃនេះ លោកបណ្ឌិត សនសៃ ស៊ីផាន់ជន និងភរិយា នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីឡាវ គ្រោងនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នឹងមានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយក រដ្ឋមន្ត្រី នៅវិមានសន្តិភាពផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕