(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូ ដែលសម្តេចបានឆ្លៀតចុះជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការចូលរួមរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត។
ក្នុងឱកាសចុះជួបសំណេះសំណាលនោះ សម្តេចបវរធិបតី បានដោះស្រាយសំណូមពរមួយចំនួន ជូនសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។
សម្តេចបវរធិបតីបានលើកឡើងថា ការផ្ដល់ដំណោះស្រាយចំគោលដៅ មិនថាលើបញ្ហាតូច ឬបញ្ហាធំ នឹងជួយធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នៃដំណោះស្រាយដែលបានដាក់ចេញ។
សម្តេចបន្ថែមថា ជួបផ្ទាល់ សួរផ្ទាល់ ស្ដាប់ផ្ទាល់ ទទួលសំណើផ្ទាល់ ពីប្រជាពលរដ្ឋ គឺជាវិធីសាស្ត្រល្អមួយសម្រាប់ក្តាប់ជាប់នូវបញ្ហា ឬសំណូមពររបស់ពួកគាត់ ដែលជាកត្តាសំខាន់ក្នុងការដាក់ចេញនូវវិធានការដោះស្រាយចំគោលដៅ មិនថាជាដំណោះស្រាយចំពោះបញ្ហាតូចឬបញ្ហាធំ ឬដោះស្រាយបាន ឬមិនបាន ១០០% នោះទេ៕