(តាកែវ)៖ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានទទួលស្វាគមន៍វត្តមាននិស្សិតមកពីមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៥០នាក់ និងសាស្ត្រាចារ្យដឹកនាំ ដែលអញ្ជើញមកដល់ការិយាល័យផ្ទាល់ ក្នុងគោលបំណងចុះទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមស្ថិតក្នុងខេត្តតាកែវ។

លោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងជានាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានធ្វើបទបង្ហាញដល់និស្សិត និងសាស្ត្រាចារ្យ ជាសង្ខេបខ្លីៗពីផ្ទាំងពិព័រណ៍រូបថតទាំង៨ផ្ទាំង ដែលដាក់តាំងនៅខាងមុខការិយាល័យ ព្រមទាំងសៀវភៅ និងឯកសារជាច្រើនទៀត ដើម្បីឈ្វេងយល់ពីទិដ្ឋភាពទូទៅដែលបានកើតមានឡើងក្នុងរបបខ្មែរក្រហម។

ក្នុងពេលធ្វើបទបង្ហាញ និស្សិតខ្លះកត់ត្រា ខ្លះសួរសំណួរ និងខ្លះទៀតអានឯកសារដែលដាក់តម្កល់នៅលើតុសម្រាប់ភ្ញៀវ។ បន្ទាប់ពីទស្សនាបន្ទប់ពិព័រណ៍ និងអានឯកសាររួចមក និស្សិតទាំងអស់ត្រូវចូលទៅបន្ទប់ថ្នាក់រៀនប្រវត្តិសាស្ត្រខ្មែរក្រហមដើម្បីសិក្សាឈ្វេងយល់ពីមាតិកាប្រវត្តិសាស្ត្រ ពី១៩៧៥ ដល់ ឆ្នាំ១៩៧៩។

ជាកិច្ចចាប់ផ្តើម លោក ផេង ពង្សរ៉ាស៊ី និងសាស្ត្រាចារ្យ ជា សៀវម៉ី ដែលដឹកនាំដំណើរទស្សនកិច្ចសិក្សាសម្រាប់និស្សិត បានមានមតិក្រើនរំឮកដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់ ស្តាប់ កត់ត្រាពីមេរៀន និងរៀនសូត្រពីចំណេះដឹងថ្មីៗទាក់ទងនឹងរបបខ្មែរក្រហម។ នេះ គឺជាឱកាសរបស់និស្សិត ដែលមានសំណួរពីប្រវត្តិសាស្ត្រខ្មែរក្រហម យកមកសួរ និងដោះស្រាយចម្ងល់ផ្សេងៗប្រសិនជាមាន។ បន្ទាប់មកលោក ផេង ពង្សរ៉ាស៊ី បានចាប់ផ្តើមការធ្វើបទបង្ហាញ ពីដើមកំណើតនៃការកកើតខ្មែរក្រហម, ខ្មែរក្រហមគ្រប់គ្រងប្រទេសក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ និងឥទ្ធិពលរបស់ខ្មែរក្រហមក្រោយឆ្នាំ១៩៧៩។

បន្ទាប់ពីសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហមរយៈពេលមួយព្រឹកនៅមជ្ឈមណ្ឌលឯកសារខេត្តតាកែវ នៅពេលរសៀលថ្ងៃដដែល និស្សិត សាស្ត្រចារ្យដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានធ្វើដំណើរទៅកាន់ភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ដើម្បីទស្សនាសំណង់ចេតិយដែលបានសាងសង់ឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សម្រាប់ជាសំណងនិម្មិតរូបដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និង ផ្ទាំងពាក្យស្លោកស្ដីពីវិធីសាស្រ្តក្នុងការកសាងសន្តិភាព និងជួយទប់ស្កាត់អំពីអំពើប្រល័យពូជសាសន៍ តាមរយៈការអប់រំ និងការនិយាយពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។

ស្ថិតក្នុងទីតាំងនេះ និស្សិតអាចជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ លុយ ញ៉ន (ឈ្មោះបដិវត្តន៍ លុយ ធីម) អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ លុយ ញ៉ន បានចែករំលែកបទពិសោធន៍ជីវិតឆ្លងកាត់របបខ្មែរក្រហម និង ការរស់នៅរបស់ខ្លួនក្រោយឆ្នាំ១៩៧៩ ជាមួយ តាម៉ុក ដោយការចាកចេញពីស្រុកកំណើតទៅកាន់ភាគខាងលិចប្រទេសកម្ពុជាពីដើមឆ្នាំ១៩៧៩ ប្រាប់ដល់និស្សិតចូលរួម។ លុយ ញ៉ន ស្គាល់ តាម៉ុក ច្បាស់លាស់ ព្រោះ ញ៉ន ជាមនុស្សដែលតាម៉ុក ឧស្សាហ៍ហៅប្រើជាងអ្នកឯទៀត។

បន្ទាប់ ពីស្ដាប់បទពិសោធន៍របស់ លុយ ញ៉ន រួច នៅម៉ោង២រសៀល ក្រុមនិស្សិតបានធ្វើដំណើរទៅកាន់អតីតមន្ទីរឃុំឃាំងក្រាំងតាចាន់ ជាទីតាំងសម្លាប់ក្នុងរបបខ្មែរក្រហម ដែលបច្ចុប្បន្នគឺជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ក្រាំងតាចាន់ ដើម្បីជួបជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ទៀតឈ្មោះ យិន សឿន អាយុ៧៣ឆ្នាំ រស់នៅភូមិព្រៃតាខាប ឃុំគុស ស្រុកត្រាំកក់ គឺជាសាក្សីដែលដឹងឮពីហេតុការណ៍កើត ឡើងក្នុងមន្ទីរសន្តិសុខក្រាំងតាចាន់។ យិន សឿន បាននិយាយរៀបរាប់ និងនាំនិស្សិតទាំងអស់ទៅកាន់ទីតាំងដែលខ្មែរក្រហមនាំអ្នកទោសទៅឃុំឃាំង និងទីតាំងសម្លាប់មួយចំនួន។

ដំណើរទស្សនកិច្ចសិក្សានេះ ចប់នៅពេលល្ងាច ហើយនិស្សិតមួយចំនួនក៏បានបង្ហាញពីចំណាប់អារម្មណ៍ដូចខាងក្រោម៖

* សុខ ណាថារក្សា ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង៖ បន្ទាប់ពីបានចូលរួមទស្សនកិច្ចសិក្សាពីរបបខ្មែរក្រហមរួច ធ្វើឱ្យខ្ញុំយល់ដឹងច្រើនពីរបបប្រល័យពូជសាសន៍ ដែលលោកគ្រូបានបង្ហាញ អំពីអត្ថន័យពាក្យសហករណ៍ ដែលខ្ញុំមិនធ្លាប់បានដឹង ថាជាកន្លែងធ្វើការងារជុំគ្នាជាក្រុម។ មួយវិញទៀត ខ្ញុំយល់ដឹងថាបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ បានបន្សល់ទុកនូវជម្ងឺបាក់ស្បាត ស្ដ្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រា និងគ្រាប់មីនយ៉ាងច្រើន។ លើសពីនេះ ខ្ញុំបានទៅទស្សនកិច្ចសិក្សាដល់ទីតាំងសម្លាប់របស់ខ្មែរក្រហមផ្ទាល់។ ជាក់ស្ដែង ទីតាំងសម្លាប់គឺមិនមែនមានតែនៅគុកទួលស្លែង ឬបឹងជើងឯកទេ គឺមានតាមបណ្ដាខេត្តជាច្រើនទៀត។ ខ្ញុំនឹងសិក្សាស្វែងយល់បន្ថែមអំពីរបបប្រល័យពូជសាសន៍ឱ្យកាន់តែច្បាស់ជាងនេះទៅទៀត។ ការចូលរួមទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ ពិតជាមានសារសំខាន់យ៉ាងខ្លាំង ព្រោះបានផ្ដល់ឱកាសឱ្យខ្ញុំបានស្គាល់ និងយល់ដឹងពីរបបខ្មែរក្រហម ដើម្បីទុកជាការចងចាំ និងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។ យើងទាំងអស់គ្នាត្រូវនាំគ្នាជៀសវាង កុំឱ្យមានរបបខ្មែរក្រហមកើតមានទៀត ។ មួយវិញទៀត ខ្ញុំក៏ចង់ចែករំលែកទៅកាន់អ្នកដ៏ទៃទៀតឱ្យបានដឹងដូចខ្ញុំដែរ។ ខ្ញុំចង់ឱ្យនិស្សិតគ្រប់រូប គួរតែសិក្សា និងស្គាល់ទីតាំងប្រវត្តិសាស្ត្រឱ្យបានច្រើន ហើយដក់ជាប់ក្នុងចិត្តថា របបខ្មែរក្រហមប្រជាជនត្រូវឆ្លងកាត់ការលំបាកអ្វីខ្លះ។ យើងគ្រប់គ្នាត្រូវនឹកឃើញសោកនាដកម្មក្នុងរបបខ្មែរក្រហមកុំឱ្យភ្លេច។ ដើម្បីទប់ស្កាត់កុំឱ្យរបបខ្មែរក្រហមកើតឡើងវិញម្ដងទៀត យុវជនទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យច្រើន នាំគ្នាលុបបំបាត់អំពើហិង្សាក្នុងសង្គម និងចែករំលែកទៅកាន់ក្មេងៗជំនាន់ក្រោយឱ្យបានដឹង។

* កាន គាតុង ភេទប្រុស អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង៖ ដំណើរទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហម ធ្វើឱ្យខ្ញុំបានដឹងពីចំណុចកកើតរហូតដល់ពេលបញ្ចប់ទៅវិញនៃរបបប្រល័យពូជសាសន៍។ មូលហេតុដែលធ្វើឱ្យខ្ញុំមកចូលរួមទស្សនកិច្ច ព្រោះតែខ្ញុំចង់ដឹងអំពីប្រវត្តិសាវតានៃការធ្លាប់ឆ្លងកាត់សម័យកាលដល់ជូរចត់ ការហូបចុកមិនបានគ្រប់គ្រាន់ កូនក្មេងត្រូវងើបពីព្រលឹមដើម្បីទៅធ្វើការ។ បើខ្ញុំកើតទាន់របបខ្មែរក្រហមច្បាស់ជាមិនបានរៀនសូត្រទេ ព្រោះសាលារៀនត្រូវខ្មែរក្រហមបំបិទទាំងអស់ ហើយសម្លាប់អ្នកចេះដឹង។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលបានចូលរួមទស្សនកិច្ចបែបប្រវត្តិសាស្រ្តខ្មែរក្រហម ដែលធ្វើឱ្យខ្ញុំទទួលបានចំណេះយ៉ាងច្រើនទាក់ទងនឹងប្រវត្តិសាស្រ្ត។ ក្រោយពីដំណើរទស្សនកិច្ចសិក្សានេះ ខ្ញុំត្រូវការយល់ដឹងពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឯងឱ្យច្រើន។

* គក់ ស្រីលក្ខ័ណ៌ ភេទស្រី អាយុ២២ឆ្នាំ គឺជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង៖ បន្ទាប់ពីខ្ញុំ បានចូលរួមដំណើរទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមមក ខ្ញុំទទួលបានចំណេះដឹងជាច្រើន។ ដូចជាសាច់រឿងផ្ទាល់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលគាត់ធ្លាប់ឆ្លងកាត់ការលំបាក និងជម្លៀសជាច្រើនកន្លែង។ ប្រវត្តិសាស្ត្រពិតជាមានសារសំខាន់ណាស់ដល់កូនខ្មែរគ្រប់រូប ត្រូវដឹងពីរបបមួយទៅរបបមួយ ដើម្បីឱ្យយើងយល់ ដឹង។ នៅក្នុងរបបខ្មែរក្រហមមានការសម្លាប់ប្រជាជនជាច្រើន ធ្វើឱ្យខ្ញុំមានការអាណិតអាសូរដល់ជនរងគ្រោះដែល បែកបាក់ឪពុកម្ដាយ និងទទួលរងនូវការគំរាមកំហែង។ ប្រសិនជាខ្ញុំកើតទាន់ក្នុងរបបខ្មែរក្រហម ក៏មានអារម្មណ៍អាណិតដល់ខ្លួនឯងដែរ។ ចុងបញ្ចប់ខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយសិក្សាឈ្វេងយល់ឱ្យបានច្រើនអំពីរបបខ្មែរក្រហម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ដើម្បីលុបបំបាត់របបខ្មែរក្រហមកុំឱ្យកើតឡើងវិញម្ដងទៀតត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយជាទំពាំងស្នងឫស្សីមួយរូបនៅក្នុងប្រទេសជាតិ។
ទឹម ពណ្ណរាយ ភេទប្រុស អាយុ២០ឆ្នាំ គឺជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្នុងដំណើរទស្សនកិច្ចសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហម ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង ហើយមិននឹកស្មានថាប្រជាជនអាចមានជីវិតមកដល់សព្វថ្ងៃនេះទេ។ ប្រជាជនត្រូវទទួលរងនូវភាពភ័យខ្លាច។ រយៈពេលមួយថ្ងៃនេះ ខ្ញុំទទួលបានចំណេះដឹងជាច្រើន ខ្ញុំស្គាល់ទីតាំងសម្លាប់ និងបានឃើញរណ្ដៅសាកសព។ ចុងបញ្ចប់ខ្ញុំចង់ឱ្យសិស្សនិស្សិតជំនាន់ក្រោយៗទៀតបានចូលរួមទស្សនកិច្ចសិក្សាពីរបបខ្មែរក្រហមឱ្យបានញឹកញាប់ ព្រោះវាផ្ដល់ផលប្រយោជន៍សម្រាប់ប្រទេសជាតិ ក៏ដូចជាជួយផ្សព្វផ្សាយ ចងចាំ និងទប់ស្កាត់កុំឱ្យរបបនេះកើតឡើងម្ដងទៀត៕