(ត្បូងឃ្មុំ)៖ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីប្រឡងចៀរជ័រ និងទីតាំងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅចម្ការកៅស៊ូជប់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ, លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ និងសហការី បានអញ្ជើញពិនិត្យទីតាំងឡូតិ៍កៅស៊ូសម្រាប់ររៀបចំកម្មវិធីប្រឡងចៀរជ័រ និងទីតាំងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងដំណើរបេសកកម្មនេះ លោកបានពិនិត្យវឌ្ឍនភាពការងារបានរៀបចំកន្លងមក ការសាងសង់ស្លាកចារឹកឈ្មោះ ការកំណត់ទីតាំងវេទិកាពិធី លំដាប់លំដោយការងារ និងការត្រៀមថតផ្សព្វផ្សាយកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលនឹងរៀបចំនៅសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

គិតត្រឹមឆ្នាំ២០២៤ ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តនេះ មានអាយុ១០០ឆ្នាំហើយ ជាចម្ការកៅស៊ូមានអាយុចាស់ជាងគេនៅកម្ពុជា និងមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើមលើផ្ទៃដីប្រមាណ ១៤ហិកតា។

ក្រសួងកសិកម្ម បានសហការជាមួយក្រុមហ៊ុន សុភក្តិនីកា គ្រុប ខូ អិលធីឌី បាននិងកំពុងរៀបចំទីតាំងឡូតិ៍កៅស៊ូចាស់នេះឡើងវិញ ដើម្បីរៀបចំពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងប្រែក្លាយជាផ្លូវការទៅជា សួនអភិរក្សដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា (The Cambodian Oldest Rubber Tree Conservative Park) សម្រាប់គោលដៅស្រាវជ្រាវសេនេទិចកៅស៊ូនិងកសិទេសចរណ៍៕