(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។

តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។

ការជូនដំណឹងរបស់ស្ថាប័ននគរបាលជាតិនៅពេលនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់។

សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ សង្កេតឃើញថា បណ្តាញ​ទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និង​មាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែង​ស៊ីសងទាំងនេះ ដើម្បី​អូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាម​ប្រព័ន្ធ​អនឡាញ (Online)។

ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមាន​ប្រជា​ប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុ​ធ្វើឲ្យ​សា​ធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកា​ទាំងនោះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែល​នៅតែ​បន្ត​ប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំ​៕