(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានណែនាំឲ្យកម្លាំងយោធិន នៃអាវុធហត្ថថ្មី ត្រូវខិតខំរៀនសូត្រ បំពេញតួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឲ្យបានជោគជ័យ ហើយត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ម៉ាង ស៊ីណេត បានផ្តាំផ្ញើបែបនេះ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដែលប្រឡងជាប់ជាស្ថាពរចំនួន ១៩នាក់ ត្រៀមចូលហ្វឹកហ្វឺន នៅមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំ និងផ្តែផ្តាំដល់កម្លាំងយោធិនៃអាវុធហត្ថថ្មី ត្រូវខិតខំរៀនសូត្រ និងបំពេញតួនាទីភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឲ្យទទួល បានជោគជ័យ និងគោរពច្បាប់លក្ខន្កិកៈ នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តក្រុមគ្រួសារ យុវជនស្មគ្រ័ចិត្តទាំងអស់ ដែលបានអនុញាតឲ្យកូនចៅចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌ ឲ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិមាតុភូមិយើង។
លោក ម៉ាង ស៊ីណេត បានថ្លែងទៅកាន់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវបន្ដខិតខំប្រឹងប្រែងរៀនសូត្រ និងត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលខេត្ត បានបន្ដថា «សិក្ខាកាមទាំងអស់ ត្រូវបន្ដលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនឱ្យច្រើន និងទុកជាតិ ទុកប្រជាជនឲ្យខ្ពស់ជាងផលប្រយោជន៍ខ្លួន លើសពីនេះ ត្រូវចេះស្រលាញ់ គោរព ឲ្យតម្លៃ សាមគ្គីគ្នាអោយបានល្អស្អិតរមួត ដើម្បីជាកម្លាំងស្មារតីការពារជាតិមាតុភូមិជាតិយើងតទៅមុខ ជាមួយសុខសន្តិភាព»។
អភិបាលខេត្តបានផ្តាំផ្ញើដល់ក្មួយយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ក្មួយៗត្រូវគោរពបទបញ្ជាផ្ទៃ វិន័យរបស់សាលា ពិសេសត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញបទពិសោធន៍ ត្រឡប់មកវិញអនុវត្ត តាមការណែនាំរបស់អង្គភាព បន្តរក្សាសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ ក្នុងការចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសចូលរួមគ្រោះមហន្តរាយនានាដែលជាផ្នែកមួយ នៃគោលនយោបាយភូមិឃុំ សង្កាត់មាន សុវត្ថិភាព និងជូនពរឱ្យក្មួយៗទាំងអស់មានសុខភាព កាយសម្បទាមាំមួន ប្រាជ្ញាឈ្លៀសវៃទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ទាំងអស់គ្នា។
ក្នុងឱកាសពិធីសំណេះសំណាលនោះ លោកអភិបាលខេត្ត ក៏បាននាំថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់ប្អូនៗសិក្ខាកាមចំនួន១៩នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល ដែលត្រូវទៅមជ្ឍមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយទាំងអស់ ជាការលើកទឹកចិត្ត និងសូមជូនពរ ដលល់សិក្ខាកាមទាំងអស់ មានសុខភាពល្អ ប្រកបដោយសុភមង្គល និងទទួលបានជោជ័យនូវគ្រប់ភារកិច្ច៕