(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តក្រុងស្រុក ចូលរួមក្នុងពិធីជូនដំណើរមន្ត្រីកងរាជអាវុធហត្ថខេត្តជ្រើសរើសថ្មីចំនួន៤២នាក់ ដែលត្រូវបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ។

ពិធីនេះបានធ្វើឡើងនៅក្នុងទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមេបញ្ជាការមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុកក្នុងខេត្ត និងក្រុមគ្រួសាររបស់មន្ត្រីកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី មកពីតាមបណ្ដាក្រុង-ស្រុកទាំង៨ក្នុងខេត្ត ដើម្បីមកជូនដំណើរកូន-ចៅ និងប្ដី។

នៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានថ្លែងទៅកាន់មន្ត្រីកងរាជអាវុធហត្ថទើបនឹងជ្រើសរើសថ្មីថា ក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថថ្មី ត្រូវយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រនៅក្បួនយុទ្ធសាស្ត្រ និងយុទ្ធវិធីជំនាញនៅក្នុងសាលា និងត្រូវគោរពវិន័យកងទ័ព និងបទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់ដើម្បីឲ្យការរៀនសូត្រទទួលបានជោគជ័យសម្រាប់យកមកបំពេញកាតព្វកិច្ចការពារជាតិមាតិភូមិការពារសុខសន្តិភាព ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោតដែលមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប និងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ប្រឆាំងនឹងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសប្រឆាំងការពារ ឲ្យបានដាច់ខាតនូវការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។

នៅក្នុងពិធីនេះ លោកអភិបាលខេត្ត លោកអភិបាល ក្រុង-ស្រុកនិងលោកមេបញ្ជាការ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនៃស្នង ការដ្ឋាននគរបាលខេត្ត និងលោកមេបញ្ជាការរងសឹករងខេត្ត ក៏បានបំពាក់ក្រម៉ានិងជូនបាច់ផ្កាជាអនុស្សាវរីយ៍ក្នុងពេលមន្ត្រីកងរាជអាវុធហត្ថថ្មីចេញទៅកាន់សាលាហ្វឹកហ្វឺន។ ក្នុងនោះរដ្ឋបាលខេត្ត បានឧបត្ថម្ភថវិកាថវិកាមួយចំនួនជូនមន្ត្រីកងរាជអាវុធហត្ថថ្មីទាំង៤២នាក់ផងដែរ។

ក្រុមគ្រួសារ និងមន្ត្រីកងរាជអាវុធហត្ថថ្មី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្នុងនាមពួកគាត់ជាអាណាព្យាបាល មានក្តីរីករាយឥតឧបមា និងមានមោទនភាពយ៉ាងក្រៃលែងដោយកូនរបស់គាត់បានចូលបម្រើការងារ ជាមន្ត្រីកងរាជអាវុធហត្ថ ឯកាជាប់ជាមន្ត្រីកងរាជអាវុធហត្ថនេះទៀតសោត គឺដោយពឹងទៅលើសមត្ថភាពផ្ទាល់ខ្លួន ដែលត្រូវឆ្លងការប្រឡងត្រឹមត្រូវ ទាំងសុខភាព ទាំងកាយសម្បទា ទាំងកម្ពស់ ដោយមិនមានការសូកប៉ាន់ ឬត្រូវចំណាយប្រាក់កាសសូម្បីតែមួយកាក់មួយសេននោះឡើយ។

ការប្រឡងជ្រើសរើសជាមន្ត្រីកងរាជអាវុធហត្ថថ្មីនេះ ដែរគឺកូន-ចៅ និងប្ដីរបស់គាត់បានដាក់ពាក្យស្នើសុំចូលរួមការប្រឡងដោយស្មើភាព និងតម្លាភាពដោយមិនមានការសូកប៉ាន់លុយកាក់នោះឡើយ។ ជាមួយគ្នានេះ ពួកគាត់សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាលខេត្តកំពង់ឆ្នាំង និងលោកមេបញ្ជាការ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានជ្រើសរើសដោយមានការប្រឡងសមត្ថភាពយ៉ាងសុក្រិត និងផ្ដល់ឱកាសឲ្យកូន-ចៅ និងប្ដីរបស់ពួកគាត់បានប្រឡងទៅតាមសមត្ថភាពជាក់ស្ដែង ដោយមិនចំ ណាយប្រាក់កាស រហូតកូន-ចៅនិងប្ដីរបស់ពួកគាត់បានចូលបម្រើការងារជាមន្ត្រីកងរាជអាវុធហត្ថ ដើម្បីចូលរួមបម្រើជាតិមាតុភូមិបន្តវេន។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មន្ត្រីកងរាជអាវុធហត្ថថ្មីទាំង៤២នាក់ ដែលបានប្រឡងជាប់នេះនឹងត្រូវបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានទីតាំងនៅភ្នំជុំរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពួកគេត្រូវហ្វឹកហ្វឺនបច្ចេកទេសនិងយុទ្ធវិធីកងទ័ពរយៈពេល៣ខែ។ បន្ទាប់មកត្រូវហ្វឹកហ្វឺន បន្តនូវមុខជំនាញដែលត្រូវជ្រើសរើស៣ប្រភេទទៀតដែលក្នុងមុខជំនាញនិមួយៗត្រូវហ្វឹកហ្វឺនរយៈពេល៣ខែមុខជំនាញទាំង៣រួមមាន៖ ១-ជំនាញឆ័ត្រ យោង ២-ជំនាញឆ្លាមសមុទ្រ និង៣-ជំនាញអន្តរាគមន៍៕