(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក ជួន សារី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បាននាំអំណោយ និងសួរសុខទុក្ខលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលរបួសវះកាត់នៅមន្ទីរពេទ្យខេត្តស្រះកែវ ប្រទេសថៃ។
លោកវរសេនីយ៍ឯក ជួន សារី បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលបាន បានចាត់បញ្ជូនក្រុមការងារចំនួន៧នាក់ ដឹកនាំដោយរូបលោកផ្ទាល់ នាំយកកន្ត្រកផ្លែឈើ រួមនឹងថវិកាមួយចំនួន ដែលបានមកពីការជួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រីនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ ជូនលោកវរសេនីយ៍ត្រី វង្ស សារិទ្ធីយ៉ា។
អំណោយទាំងនោះរួមមាន៖ ប្រាក់ដុល្លារចំនួន៥០០ដុល្លារ, ប្រាក់រៀលចំនួន១.៣៤០.០០០រៀល, ប្រាក់បាតចំនួន ៧៦.៦០០បាត។ សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន មន្ត្រីក្រោមឱវាទតែងទទួលបាននូវការយកចិត្តទុកដាក់តាមរយៈការផ្តល់ជំនួយឧបត្ថម្ភ រាល់ពេលមានបញ្ហាជីវភាព ឬមានជំងឺត្រូវសម្រាកព្យាបាល មិនថានៅមន្ទីរពេទ្យ ឬនៅផ្ទះនោះឡើយ៕