(ភ្នំពែញ)៖ កិច្ចប្រជុំនៃគណៈកម្មាធិការតម្រង់ទិសថ្នាក់រដ្ឋមន្រ្តីអនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន (MEKONG SUMREGION) លើកទី១៣ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេស អនុតំបន់មេគង្គនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន លើកទី១៩ បានរៀបចំឡើងនៅសៀមរាប ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤។
កិច្ចនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថាន និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន (ASMC)។
នៅក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក យន់ លីណេ អភិបាលរងខេត្តសៀមរាប បានថ្លែងស្វគមន៍គណៈប្រតិភូ និងបានចាត់ទុកថាកិច្ចប្រជុំដ៏មានសារៈសំខាន់ នៅលើទឹកដីខេត្តសៀមរាបនឹងយកចិត្តទុកដាក់ពិភាក្សា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបរិស្ថានក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក សាន វណ្ណទី មានប្រសាសន៍ថាកិច្ចប្រជុំនាថថ្ងៃនេះនឹងផ្តល់មូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្តរួម សម្រាប់និរន្តរភាពបរិស្ថាន។
រដ្ឋលេខាធិកាប្រចាំការ បានថ្លែងថា អនុតំបន់ទន្លេមេគង្គ ដែលល្បីល្បាញខាងជីវចម្រុះ និងភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី ដែលបានទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ទោះជាយ៉ាងណាក៏ដោយ ធនធានដ៏មានតម្លៃទាំងនេះប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ដូចជាភ្លើងឆេះព្រៃ ការបំពុលផ្សែងអ័ព្ទឆ្លងដែន និងផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមទាំងនេះធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ រំខានដល់សកម្មភាពសេដ្ឋកិច្ច និងដាក់សម្ពាធយ៉ាងខ្លាំងលើបរិស្ថាន។
លោក សាន វណ្ណទី បានលើកឡើងថា ការបំពុលឆ្លងដែន ទាមទារឱ្យមានកិច្ចសហការឆ្លងកាត់ព្រំដែន ហើយកិច្ចប្រជុំនេះផ្តល់នូវវេទិកាដ៏សំខាន់មួយ ដើម្បីតម្រង់ទិសសម្រាបផែនការយុទ្ធសាស្ត្រជាតិ និងតំបន់ស្របជាមួយនឹងគោលការណ៍ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។
ជាមួយគ្នានេះ លោកបានជំរុញបន្ថែមឱ្យបណ្តាប្រទេសចូលរួមទាំងអស់ត្រូវរួមគ្នា ជំរុញដំណោះស្រាយ ដែលអាចអនុវត្តបាន ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ភាពរស់រវើកនៃសេដ្ឋកិច្ចរបស់យើង និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីរបស់យើង។
សូមបញ្ជាក់ថា កន្លងមក ដើម្បីដោះស្រាយការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមដែលពាក់ព័ន្ធ កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងនិរន្តរភាពបរិស្ថាន និងសកម្មភាពអាកាសធាតុ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយបញ្ហាបំពុលអ័ព្ទឆ្លងដែន និងបញ្ហាប្រឈមបរិស្ថានកាន់តែទូលំទូលាយ។
ក្រសួងបរិស្ថាន បានដាក់ចេញ យុទ្ធនាការ Blue Skies & Net Zero 2050៖ ស្របតាមការរួមចំណែកដែលបានកំណត់ដោយជាតិរបស់យើង (NDCs) និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) យុទ្ធនាការនេះប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ២០៥០។
លើសពីនេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា ដោះស្រាយការបំពុលប្លាស្ទិក តាមរយៈគំនិតផ្តួចផ្តើមដូចជាយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» យើងបានចូលរួមជាមួយប្រជាពលរដ្ឋជាង ៩,៧លាននាក់ ដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក និងទទួលយកជម្រើសប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងកាកសំណល់ យើងមានគោលបំណងកាត់បន្ថយការបញ្ចេញជាតិពុល ដែលធ្វើឱ្យបញ្ហាគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរ ដែលបានបំពេញបន្ថែម ដល់កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលឆ្លងដែន៕