(ព្រៃវែង)៖ លោក អន ភារៈ អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញប្រកាសតែងតាំងអភិបាលរងស្រុកព្រះស្តេចចំនួន២រូប គឺលោក ស៊ិន ចក់ ត្រូវបានផ្ទេមកពីស្រុកបាភ្នំ ជំនួសលោក ងួន សំអុល ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅសាលាស្រុកបាភ្នំ និងលោក នេត សារ៉ាត់ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកថ្មី។

ថ្លែងក្នុងឱកាសនេះ លោកអភិបាលរងខេត្ត​ បានណែនាំអភិបាលរងស្រុកទាំងពីររូប ដែលទើបទទួលតំណែងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ហើយត្រូវគោរព តាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ហើយស្នើសុំឲ្យលោកខិតខំធ្វើការងារ ដោយសហការ និងពង្រឹង​សាមគ្គីភាព​បានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងទាំង៣​។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានជំរុញអភិបាលរងស្រុកថ្មី​ បន្តខិតខំប្រឹងប្រែង អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសការងារផ្ដល់សេវាសាធារណៈ​ជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ប្រកបដោយគុណភាព​៕