(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិ ការណ៍បុណ្យបង្ហោះខ្លែងឯក នៅខេត្តសៀមរាបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ -២៩ធ្នូ ឆ្នាំ២០២៤ នាចុងខែធ្នូ ខាងមុខ។
ព្រឹត្តិការណ៍រៀបចំឡើង ក្នុងគោលបំណង ដើមី្បរក្សានូវកេរ្តិ៍មរតកដូនតាខ្មែរ ដែលបានចារឹកទុកនៅតាមជញ្ជាំងថ្មប្រាសាទ ពីការបង្ហោះខ្លែងឯក នៅពេលដែលប្រជាកសិករធ្វើការច្រូតកាត់ ប្រមូលភោគផលស្រូវវស្សា ដែលប្រជាជនខ្មែរ តែងតែធ្វើការបង្ហោះខ្មែងគ្រប់ប្រភេទ ក្នុងការទាញយកព្រះពាយ និងរារាំងទឹកភ្លៀង កុំឲ្យធ្លាក់មកនៅពេលធ្វើការប្រមូលផលស្រូវ។
កិច្ចប្រជុំនេះ ក្រោមការដឹកនាំរបស់លោក លី សារី អភិបាលរងខេត្តសៀមរាប និងលោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព តំណាងសាកលវិទ្យាល័យ អនុវិទ្យាល័យ, វិទ្យាល័យ សមាគម និងវិស័យឯកជនជាច្រើនច្ចូលរួមផងដែរ។
ក្នុងឱកាសនោះលោក លី សារី បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបុណ្យបង្ហោះខ្លែងឯកនេះឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយអំពីប្រវត្តិខ្លែងឯកខ្មែរយើង ដែលដូនតាយើងបានចារិកនៅតាមប្រាង្គប្រាសាទ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី វប្បធម៌ អរិយ្យធម៌របស់ដូនតាខ្មែរ។ ចំពោះខ្លែងខ្មែរយើង មានតាំងពីបុរាណកាលមក គេឃើញតែខ្លែងកណ្ដូង និងខ្លែងឯក ដែលគេនិយមបង្ហោះលេងនៅតាមភូមិស្រុក ជនបទដែលរស់នៅ។
លោកបន្តថា ការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណមកម្ល៉េះ។ ហើយសព្វថ្ងៃនេះ នៅតែបន្តធ្វើតាមកេរដំណែលដូនតា ដែលបញ្ជាក់អំពីក្រឹត្យក្រមមួយ គឹជីវិតតែងផ្សាភ្ជាប់ទៅ នឹងធម្មជាតិ។ ជាពិសេស ដើម្បីគោរពនឹកគុណដល់ធាតុទាំងបួន ដែលទ្រទ្រង់នូវលោក គឺធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ដែលផ្តល់នូវជីវិត និងធម្មជាតិផ្សេងៗ។
លោកបានបន្តថា ដើមី្បឲ្យមានការចូលរួមឲ្យបានច្រើនកុះករ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសនៅតាមបណ្តាខេត្ត ក្រុង ស្រុក ដែលពួកគាត់ មានបំណងចង់ចូលរួមបង្ហោះខ្លែង ត្រូវដាក់ពាក្យស្នើសុំពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត។
លោកក៏បានស្នើដល់គ្រប់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហាគមន៍ទេសចរណ៍ សាកលវិទ្យាល័យ វិទ្យាល័យ វិស័យឯកជន ត្រូវចូលរួមគាំទ្រព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងឯកនេះ ដើម្បីលើកស្ទួយវប្បធម៌ជាតិ។
លោក មួន សុភាព បានឲ្យដឹងអំពីប្រវត្តិនៃការបង្ហោះខ្លែង គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរយើងតាំងពីសម័យនគរភ្នំមកម្ល៉េះ។ ហើយខ្លែង គឺជាវត្ថុលេងម្យ៉ាង ដែលអាចហោះបានដោយសារកម្លាំង ខ្យល់ទាញយឹតតាមរយៈខ្សែ ដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរផងដែរ។
លោកបន្តថា ភាគច្រើនគេតែងបង្ហោះខ្លែងឯកលេងកម្សាន្តក្នុងរដូវរំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ។ ហើយពេលខ្លះ ខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀត គឺសិសិរដូវ។
លោកបញ្ជាក់ថា ពិធីបង្ហោះខ្លែងឯក និងខ្លែងសេរី នៅខេត្តសៀមរាបនេះ នឹងប្រព្រឹត្តធ្វើឡើងនៅអតីតអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ព្រលានយន្តហោះចាស់) ដែលមានរយៈពេល៣ថ្ងៃ ដោយមានកម្មវិធីការដង្ហែក្បួនខ្លែងឯក ខ្លែងសេរី និងតុក្តាយក្ស ព្រមទាំងនៅ ពេលរាត្រី ក៏មានការសម្តែងសិល្បះ ល្ខោនបាស័ក និងការតាំងពិព័រណ៌ ការបង្ហាញពីរបៀបធ្វើខ្លែងឯកផងដែរ៕