(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងណែនាំដល់យោធិនថ្មី កងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាល រក្សាស្មាតីស្នេហាជាតិ និងប្រជាជន។
ការថ្លែងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ «ភ្នំជុំសែនរីករាយ»។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក គីម រិទ្ធី បានថ្លែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល និងជូនដំណើរប្អូនៗយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ដើម្បីទៅចូលរួមហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)ដែលមានរយៈពេល១២ខែ និងបានអបអរសាទរចំពោះប្អូនៗយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលទើបជាប់ថ្មីទាំង២៥នាក់។
លោកអភិបាលខេត្តព្រះវិហារ ក៏បានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ ថ្នាក់ដឹកនាំក្រសួងការពារជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានគិតគូយកចិត្តទុកដាក់លើការងារថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ការកែទម្រង់ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ការពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពស្អាតស្អំរបស់កងកម្លាំង ជាពិសេសគឺការជ្រើសរើសយោធិននៃកងរាជអាវុធហត្ដ ដែលឈរលើគោលការណ៍ប្រសិទ្ធិភាព តម្លាភាព ស្អាតស្អំ គ្មានអំពើពុករលួយ សម្តៅបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន។
លោក គីម រិទ្ធី ក៏បានថ្លែងផ្តល់អនុសាសន៍មួយចំនួន ដើម្បីធានាបាននូវការសម្រេចភារកិច្ច ប្រកបដោយជោគជ័យរួមមាន៖
* សូមប្អូនៗយោធិននៃកងរាជអាវុធហត្ថថ្មីទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រ បំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ ត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជានៅក្នុងវគ្គហ្វឹកហ្វឺន ថែទាំសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាល រក្សាស្មេតីស្នេហាជាតិ និងប្រជាជន។
* សូមអាជ្ញាធរនិងកម្លាំងទាំងអស់ ត្រៀមលក្ខណៈគ្រប់កាលៈទេសៈ ក្នុងការចូលរួមបំពេញរាល់ភារកិច្ច ជាពិសេសគឺសហការចូលរួមក្នុងការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទដូចជា បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការកាប់បំផ្លាញដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់ និងបទល្មើសនានាក្នុងភូមិសាស្ត្រខេត្ត។
* បន្តពង្រឹងសមត្ថភាព ដើម្បីធានាថា កងកម្លាំងរបស់យើងមានសមត្ថភាពពេញលេញ មានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ។
* ពង្រឹងនិងពិនិត្យឱ្យបានច្បាស់លាស់ ក្នុងការស្នើសុំតែងតាំង ដំឡើងឋានន្តរស័ក្កិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅសម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃរបស់ក្រុមប្រឹក្សា គណៈកម្មការវាយតម្លៃរបស់អង្គភាព ស្ថាប័នកងឯកភាពតាមឋានានុក្រម។
ដើម្បីជាការលើកទឹកចិត្តដល់យោធិនកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ទៅហ្វឹកហ្វឺននៅភ្នំជុំសែនរីករាយ លោកអភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភថវិកាដល់យោធិនម្នាក់ៗចំនួន ២០ម៉ឺនរៀល និងគណៈគ្រប់គ្រងវគ្គចំនួន៧នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០ម៉ឺនរៀលដែរ។ដោយឡែក លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឧបត្ថម្ភយោធិនក្នុងម្នាក់ៗថវិកាចំនួន ៥ម៉ឺនរៀល និងគ្រូ២នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕