(សៀមរាប)៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានយកគ្រឿងចក្រចុះត្រាស់សេផ្លូវដែលសម្តេចបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជូន តាមការស្នើសុំពីប្រជាពលរដ្ឋក្នុងឃុំរលួស ឃុំមានជ័យ និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគយ ខេត្តសៀមរាប។

ផ្លូវនេះមានបណ្តោយសរុបទាំងក្រាលកៅស៊ូ និងបេតុងចំនួន១១គីឡូម៉ែត្រ។ កាដូផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋនៅតំបន់នោះ កើតមានឡើងក្រោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញទៅកំពង់ភ្លុក ដោយមើលឃើញថា វាហុយពេលដោយសារដីក្រហមនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលទៅទស្សនាបឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ទើបសម្តេចបានផ្តល់ជូនតែម្តង។ ប្រជាពលរដ្ឋទាំង៣ឃុំ សូមថ្លែងអំណរគុណសម្តេចបវរធិបតិនាយករដ្ឋមន្រ្តីយ៉ាងខ្លាំង ក្រោយទទួលបានកាដូផ្លូវមួយខ្សែនេះ។

បន្ទាប់ពីឯកភាពតាមសំណើស្នើសុំរបស់ប្រជាពលរដ្ឋ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទដោយផ្ទាល់ទៅអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប ដើម្បីចុះមកពិនិត្យ និងសិក្សាស្ថាបនាផ្លូវក្រាលកៅស៊ូ និងចាក់ផ្លូវបេតុងភ្ជាប់ជាមួយផ្លូវបេតុងចាស់នេះតែម្តង។

ក្រោយទទួលបានបទបញ្ជារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រញាប់រូតរះដឹកនាំក្រុមការងារចុះដល់ទីតាំងផ្លូវខាងលើ ដើម្បីពិនិត្យ និងសិក្សាធ្វើយ៉ាងស្ថាបនា ផ្លូវនេះ ឱ្យបានឆាប់រួចរាល់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋដោយផ្ទាល់ជាមួយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី៕