(ម៉ាឡេស៊ី)៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារ ជាមួយលោក YAB Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីអាទិភាពសំខាន់ៗ និងសមិទ្ធផលដែលអាចសម្រេចបាន ស្របពេលដែលម៉ាឡេស៊ី ត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥។

កិច្ចពិភាក្សា ក៏បានផ្តោតលើការរៀបចំអាស៊ានមួយ ដែលត្រៀមខ្លួនសម្រាប់ពេលអនាគត តាមរយៈការពង្រឹងសេដ្ឋកិច្ចឌីជីថល ដែលមានបរិយាប័្ននកាន់តែខ្លាំង ពង្រឹងភាពធន់របស់តំបន់ ដើម្បីឆ្លើយតបនឹងការប្រឈមនាពេលអនាគត ពង្រឹងមជ្ឈភាពអាស៊ាននៅក្នុងកិច្ចការសកល និងបញ្ចប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាផែនទីចង្អុលផ្លូវ សម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់ នៅក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។

លុះដល់ព្រឹកទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី YBhg. Dato’ Seri Wan Suraya Wan Mohd Radzi អគ្គសវនករម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំគណៈកម្មាធិការសវនកម្មអាស៊ានលើកទី ៥០ ដែលម៉ាឡេស៊ីធ្វើជាប្រធានដឹកនាំក្នុងឆ្នាំ២០២៥ ព្រមទាំងកិច្ចការមួយចំនួនទៀត។

នៅព្រឹកថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Dato Sri Tiong King Sing រដ្ឋមន្ត្រីទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) នៅឆ្នាំ២០២៥។ នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពី អាទិភាពនានា ក្នុងវិស័យ ASCC ក្រោមការធ្វើជាប្រធានរបស់ម៉ាឡេស៊ី។

អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញ នូវការគាំទ្រយ៉ាងពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី នៅក្រោមមូលបទ «បរិយាប័ន្ន និង និរន្តភាព/ Inclusivity and Sustainability»