(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានផ្តាំផ្ញើយោធិន នៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសថ្មី (ជាប់ស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងចេះសាមគ្គីគ្នាជួយទុក្ខធុរគ្នា មានក្រមសីលធម៌ល្អ និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឲ្យបានគង់វង្សជានិរន្ត។
លោកស្រី មិថុនា ភូថង បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នាឱកាសអញ្ជើញជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការចូលរួមពីមន្ត្រីរាជការគ្រប់ស្ថាប័ន លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេញ្ជាការកងរាជអាវុធហត្ថខេត្ត។
លោកស្រីអភិបាលខេត្ត បានលើកឡើងទៀតថា កងរាជអាវុធហត្ថ គឺជាកម្លាំងស្នូលដែលថែរក្សាសន្តិភាព គឺជាកម្លាំងកងទ័ព ដូច្នេះកងទ័ពទាំងអស់ត្រូវតែមានសមត្ថភាពពេញលេញ និងត្រៀមលក្ខណៈជានិច្ច ដើម្បីការពារ រក្សាសន្តិសុខជាតិឲ្យបានល្អជូនជាតិនិងប្រពលរដ្ឋ។
ក្នុងឱកាសនោះលោកស្រី មិថុនា ភូថង បានអបអរសាទរយុវជនចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានលក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរនិងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជហត្ថភ្នំជុំសែនរីករាយ ដែលចេញពីការជ្រើសរើសក្នុងខេត្តរកោះកុង ត្រូវខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្វ និងបេសកកម្មកងរាជអាវុធហត្ថឲ្យទទួលបានជោគជ័យហើយ។
លោកស្រី មិថុនា ភូថង បានណែនាំឱ្យយុវជនចូលបម្រើកងយោធពលខេមរភូមិន្ទ ត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ, បទបញ្ជាវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ និងកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនចៅចូលបំរើកងយោធពលខេមរភូមិន្ទ បំពេញឲ្យក្របខ័ណ្ឌកងរាជអាវុធហត្ថដើម្បីបំរើប្រទេសជាតិ មាតុភូមិ។
លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានឲ្យដឹងថា បេក្ខជនគ្រប់លក្ខណៈជាប់ជាស្ថាពរទាំងអស់មានចំនួន៤១នាក់ ត្រូវបានក្រសួងការពារជាតិ ចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឲ្យក្រប ខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព និងជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាពេលនេះ។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានឧបត្ថម្ភយោធិនជ្រើសរើសថ្មីចំនួន៤១នាក់ នៅសម្ភារ និងថវិកាមួយចំនួន។ លោកសូមថ្លែងអំណរគុណ លោកស្រី អភិបាលខេត្តកោះកុង និងអភិបាលក្រុងស្រុក និងមន្ត្រីគ្រប់ស្ថាប័ណ្ណដែលបានឧបត្ថម្ភថវិកាជូនដល់មន្ត្រីអាវុធហត្ថថ្មីចេញដំណើរហ្វឹកហ្វឺននាថ្ងៃនេះ៕