(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមវត្តមានលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការ អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូបទៀត។

លោក គីម រិទ្ធី អភិបាលខេត្ត បានអានសុន្ទរកថា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងបានរំលឹកបញ្ជាក់បន្ថែមខ្លះអំពីលក្ខន្តិកៈរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលត្រូវបានអនុម័តដោយមហាសន្និបាតទូទាំងប្រទេស រណសិរ្សលើកទី៥ នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០០៦ ដែលរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាអង្គការសាមគ្គីភាពប្រជាជនកម្ពុជា នៃគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា ដោយផុសចេញពីសណ្តានចិត្តស្មោះស្មគ្រ័របស់បុគ្គល និងសមូហភាពទាំងឡាយ នៃកម្ពុជា ដែលមានឆន្ទៈស្នេហាជាតិ ស្រឡាញ់សន្តិភាព ប្រជាធិបតេយ្យ សេរីភាព និងការពារមាតុភូមិ។

អភិបាលខេត្តព្រះវិហារ បានថ្លែងថា ប្រវត្តិសាស្ត្រនៃកម្ពុជា បានកត់ត្រាទុកយ៉ាងច្បាស់ថា ក្នុងកាលៈទេសៈ ដែលប្រជាជាតិ កំពុងស្ថិតក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង នៅក្នុងភូមិជើងឃ្លា ឃុំស្នូល ស្រុកស្នួល ខេត្តក្រចេះ ហើយបានដាក់ចេញគោលការណ៍១១ខែ របស់រណសិ្សសម្រាប់អនុវត្តធ្វើការតស៊ូសង្គ្រោះជាតិ ដែលក្រោយមកបានប្តូរឈ្មោះមកជារណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា និងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ក៏បានសម្រេចប្តូរឈ្មោះជារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាវិញ។

លោក គីម រិទ្ធី បានគូសបញ្ជាក់ទៀតថា រចនាសម្ព័ន្ធរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មាន០៤ថ្នាក់ គឺថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់ ហើយបច្ចុប្បន្ន គណៈកម្មាធិការណសិរ្ស ខេត្តព្រះវិហារ បានកែសម្រួលសមាសភាពថ្មីស្របតាមការណែនាំ ដែលមានសមាជិក សមាជិកា សរុបចំនួន ១២៦រូប និងសមាជិកគណៈ អចិន្ត្រៃយ៍មានចំនួន៣៨រូប។ដោយឡែកសម្រាប់រចនាសម្ព័ន្ធថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ កន្លងមកក៏បានរៀបចំសមាសភាព ដឹកនាំស្របតាមគោលការណ៍នាំផងដែរ។

ទន្ទឹមនេះសូមថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ បន្តយកចិត្តទុកដាក់រៀបចំពិនិត្យកែសម្រួលសមាសភាពគណៈកម្មាធិការរណសិរ្សរបស់ខ្លួន ដើម្បីឱ្យស្របជាមួយលក្ខន្តិកៈ និងគោលការណ៍ណែនាំ និងតាមការចង្អុលដឹកនាំពីគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការរណសិរ្សខេត្ត និងអនុវត្តរបៀបរបបធ្វើការងារ ឱ្យស្របតាមគោលការណ៍កំណត់៕