(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាំវិញហើយ នៅវេលាម៉ោងប្រមាណ៤៖៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាថ្មីលើទឹកដីមហាមិត្តចាស់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។ ដំណើរទស្សនកិច្ច៣ថ្ងៃនៅប្រទេសចិនជាមហាមិត្ត សម្តេចតេជោ ហ៊ុន សែន បានជួយសម្តែងការគួរសម និងពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងទស្សនកិច្ចនៅសាលពិព័រណ៍ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន។
ដំណើរទស្សនកិច្ចថ្មី ក្នុងតួនាទីថ្មីលើទឹកដីមិត្តចាស់របស់សម្តេចតេជោ មានរយៈពេលខ្លី តែបានជាចំណែកធំធេងក្នុងការពង្រឹងបន្ថែមនូវស្មារតីជាមិត្តភាពរវាងកម្ពុជា-ចិន ឱ្យរឹងរឹតតែរឹងមាំក្នុងការកសាងគោលបានយោបាយសហគមន៍ជោគវាសនារួមកម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការត្បូងពេជ្រជាដើម ក៏ដូចជាកិច្ចអភិវឌ្ឍន៍នៅកម្ពុជា រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលទាមទារការគាំទ្រជាចាំបាច់ពីប្រទេសចិន។
បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ក៏បានជាចំណែកបញ្ជាក់បន្ថែមពីស្មារតីរបស់រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយអ្នកបន្តវេណ គឺបន្តរក្សាយ៉ាងរឹងមាំនូវចំណងមិត្តភាពកម្ពុជា-ចិន។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា-ចិន បានបង្ហាញការគាំទ្រគ្នាទៅវិញទៅមក និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌបក្ស និងក្របខណ្ឌរាជរដ្ឋាភិបាល។ ក្នុងជំនួបជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ចិនបានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានេះ លោកបានអះអាងថា ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ហើយនឹងបន្តពតដៃជាមួយកម្ពុជា ជាកម្លាំងអភិវឌ្ឍន៍ដែលចូលរួមចំណែកក្នុងការរក្សាសន្តិភាពពិភពលោក។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណលោក ស៊ី ជីនពីង យ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយពហុកីឡដ្ឋានមរតកតេជោ ជួយឱ្យកម្ពុជា មានលទ្ធភាពធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមប្រកបដោយជោគជ័យត្រចះត្រចង់ និងបានឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់ប្រជាជន និងយុវជនកម្ពុជាទាំងមូល។ សម្តេចតេជោ បានអរគុណរដ្ឋាភិបាល គណបក្សកុម្មុយនីស្តចិន ដែលបានជួយគ្រប់យ៉ាងដល់កម្ពុជា ដូចជាការផ្គត់ផ្គង់វ៉ាក់សាំងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្តល់លទ្ធភាពឱ្យកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ បានល្អប្រសើរ ឈានទៅស្តារសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចជាថ្មី ហើយលោកប្រធានាធិបតី ក៏បានទទួលយកនូវការអញ្ជើញនេះ ហើយបញ្ជាក់ថា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាដ៏សមស្រប៕