(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ច នៅវិមានសន្តិភាព ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ មកកាន់ប្រទេសកម្ពុជា។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចនេះ នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ក៏មានជំនួបទ្វេភាគី ដែលជាការពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជា អធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីឡាវ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕