(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ១០០ឆ្នាំ ដែលថ្នាក់ដឹកនាំកំពូលចិន បានរៀបចំនៅក្នុងសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនិស្តចិន។
សម្តេចតេជោ បានចាត់ទុកថា នេះពិតជាបានរួមចំណែកដ៏ធំ ធ្វើឲ្យចិនសម្រេចបាននូវគោលដៅសហសវត្ស ១០០ឆ្នាំទី១ របស់ខ្លួន ហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្តទី២ ប្រែក្លាយចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩។
ការវាយតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសសម្តេច និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា សាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន មានទីតាំងនៅចំណុចប្រសព្វនៃផ្លូវ Beichen East និង Datun North Road ក្នុងសង្កាត់ Chaoyang នៃទីក្រុងប៉េកាំង ប្រទេសចិន ដែលនៅជាប់នឹងស្តាតអូឡាំពិកបៃតង។
សាលពិព័រណ៌នេះ ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានឃោសនាកណ្តាលនៃបក្សកុម្មុយនិស្តចិន។ គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តចិន បានសម្រេចចិត្តសាងសង់សាលប្រវត្តិសាស្រ្តនេះឡើង ដើម្បីបង្ហាញយ៉ាងពេញលេញ នូវប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន បន្ទាប់ពីសមាជជាតិលើកទី១៩ នៃបក្សកុម្មុយនិស្តចិន។ គម្រោងសាងសង់ បានចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ការសាងសង់ សាលពិព័រណ៌ប្រវត្តិសាស្រ្តនេះ ប្រើប្រាស់កម្លាំងកម្មករជិត ៥ម៉ឺននាក់។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ សារមន្ទីរបានប្រារព្វពិធីបើកជាផ្លូវការ។ នៅថ្ងៃដដែលនោះ មេដឹកនាំបក្ស លោក Xi Jinping, Li Keqiang, Li Zhanshu, Wang Yang, Wang Huning, Zhao Leji, Han Zheng, Wang Qishan និងមេដឹកនាំគណបក្ស និងរដ្ឋផ្សេងទៀត បានទៅទស្សនាសាលពិព័រណ៌ប្រវត្តិសាស្រ្តមួយនេះ។
គណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិននៅពេលនេះ រួមមាន៖
* សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
* លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រធានគណៈទាក់ទងការបរទេស និងជាសមាជិកគណៈអចិន្រែ្តយ៍ នៃគណបក្ស
* លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈអចិន្រែ្តយ៍ នៃគណបក្ស
* លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្រែ្តយ៍ នៃគណបក្ស
* លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកគណៈអចិន្រែ្តយ៍ នៃគណបក្ស
* លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្រែ្តយ៍ នៃគណបក្ស
* លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការកណ្តាលគណក្ស
* លោកបណ្ឌិត ចែម វិឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាអនុប្រធានគណៈទាក់ទងការបរទេសគណបក្ស
* លោក ស៊្រី ថាមរ៉ុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស
* លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្ស
* លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស
* លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈទាក់ទងការបរទេស នៃគណបក្ស
* លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកម្ម នៃក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស
* លោកស្រី សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន
* លោក ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស
* រួមទាំងឥស្សរជនជាន់ខ្ពស់អមដំណើរជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៦ ប្រទេសទាំងពីរកម្ពុជា ចិន បានតម្លើងទំនាក់ទំនងទ្វេភាគីទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោក វ៉េន ជាប៉ាវ នាយករដ្ឋមន្រ្តីចិនមកកាន់កម្ពុជា ពីថ្ងៃទី៧ ទី៨ ខែមេសា ឆ្នាំ២០០៦ នៅកម្ពុជា។ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ប្រទេសទាំងពីរ បានតម្លើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០។ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្រទេសទាំងពីរកម្ពុជា ចិន បានចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជាចិន (2019-2023) ក្នុងឱកាសសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី២ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។
ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៣ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅប្រទេសចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានិងចិន បានឯកភាពបង្កើត ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយមានវិស័យអាទិភាពចំនួន៦ រួមមាន៖ ១. កិច្ចសហប្រតិបត្តិការនយោបាយ ២. គុណភាព និងសមត្ថភាពផលិតកម្ម ៣. កសិកម្ម ៤. ថាមពល ៥. សន្តិសុខ និង៦. ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីសម្រេចចក្ខុវិស័យអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីឲ្យជាប៉ូលសេដ្ឋកិច្ចទី៤ គ្រប់ដណ្តប់ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលសំបូរត្រី ស្រូវ និងទឹក។
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា និងចិន បានចុះហត្ថលេខាលើ ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា ចិន ក្នុងយុគសម័យថ្មី (2024-2028) ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំចិន ហើយក្នុងជំនួបជាមួយលោក ស៊ី ជិនពីង ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា ចិន។
កម្ពុជា និងចិន បានកំណត់យកឆ្នាំ២០២៣ ជាឆ្នាំមិត្តភាពកម្ពុជា ចិន ហើយបានរួមគ្នាប្រារព្វពិធីអនអរសាទរជាច្រើន ដើម្បីបង្កើនការយល់គ្នាទៅវិញទៅមក និងមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា ចិន។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជា ចិន បានសហការគ្នារៀបចំសកម្មភាពដ៏អធិកអធមជាច្រើន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រួមទាំងការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល និងពិធីជប់លៀងរៀបចំដោយស្ថានទូត នៃប្រទេសទាំងពីររៀងៗខ្លួន៕