(ភ្នំពេញ)៖ តារាកំប្លែង នាយ តាក់ស៊ី ដែលមហាជនធ្លាប់តែសើចដោយភាពក្រមិចក្រមើមរបស់គាត់ ពេលនេះត្រូវបានធ្លាក់ខ្លួនឈឺជាទម្ងន់ហើយ ដោយសារតែជំងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បា​នចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ជាថវិកា ២០លានរៀល និងភេសជ្ជៈ ជូនដល់នាយ តាក់ស៊ី ភ្លាមៗ។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងខ្វល់ខ្វាយបារម្ដ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេសលើកទឹកចិត្ត និងជូនពរដល់តារាកំប្លែងដ៏កំសត់រូបនេះ ឱ្យឆាប់បានជាសះស្បើយឡើងវិញ។

ភ្លាមនោះនាយ តាក់ស៊ី ក្តុកក្តួលអួលដើមក សម្រក់ទឹកភ្នែក ដោយរំភើបនឹងទឹកចិត្ដដ៏សប្បុរសរបស់អ្នកម្ដាយមនុស្សធម៌យ៉ាងខ្លាំង ដែលតែងតែមិនមើលរំលង និងទុក្ខឱ្យកូនចៅកំព្រាលំបាក និងរងារនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ពិសេសពេល នាយ តាក់ស៊ី ធ្លាក់ខ្លួនឈឺជាទម្ងន់ និងកំពុងតែខ្វះខាតថវិកាយ៉ាងខ្លាំង។

ជាមួយគ្នានោះ នាយ តាក់ស៊ី បានលើកម្រាមដៃ ១០ ថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅ មិនអាចបំភ្លេចបានអស់មួយជីវិត ចំពោះទឹកចិត្ដមនុស្សធម៌ដ៏មហិមា របស់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ការជួយសម្រាលការលំបាកនេះ មិនមែនសម្រាប់តែ នាយ តាក់ស៊ីនោះទេ គឺតារាកំប្លែងរូប និងសិល្បៈករផ្សេងទៀត ដែលទទួលបានការជួយសង្គ្រោះ គ្រប់ពេលទទួលជួបការលំបាក ។

នាឱកាសនោះ នាយ តាក់ស៊ី សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។

សូមជម្រាបថា ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ណែនាំបន្ថែមអំពីជំងឺមិនឆ្លងនាបច្ចុប្បន្ននេះ ដែលកំពុងតែកើតមានឡើងលើមនុស្សគ្រប់វ័យ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺមហារីកជា ជំងឺផ្លូវដង្ហើម ជាដើម ដែលបង្កឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ។ លោកស្រីក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ យកចិត្តទុកដាក់គិតគូរពីរបបអាហារឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្ដនូវ តិចអំបិល តិចស្ក និងតិចខ្លាញ់ រួមទាំងត្រូវមានហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពល្អ និងសុភមង្គល៕