(ភ្នំពេញ)៖ លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំឡើងឥណទានឡើងវិញ បានជួយសម្រួលឱ្យស្ថានភាពរបស់អតិថិជនវិលត្រឡប់មកធម្មតាវិញ ក្នុងនោះអ្នកដែលទទួលបានការរៀបចំឥណទានឡើងវិញ ពីខាងធនាគារមានប្រមាណជាជាង ៧០% ទៅ ៨០% អាចសងមកធនាគារបានទៀងទាត់ឡើងវិញ។

លោក តូច ចៅចេក បានបញ្ជាក់យ៉ាងដូចនេះ នាឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោក តូច ចៅចេក បានបញ្ជាក់ថា «នៅពេលដែលមានការរៀបចំឥណទានឡើងវិញ ជារួមមនុស្សទាំងអស់ មានមនុស្សខ្លះល្អ មនុស្សខ្លះនៅតែអត់ល្អ មិនមែនមកពីមនុស្សនោះទេ ពេលខ្លះគាត់មានជំនួញរបស់គាត់អត់ល្អ មិនរីកចម្រើនក៏គាត់បានជួបវិបត្តិនេះទៅ, អ្នកដែលបានរៀបចំឡើងឥណទានឡើងវិញហើយ ភាគច្រើនប្រហែលជាជាង ៧០% ទៅ ៨០% គាត់អាចសងមកទៀងទាត់ឡើងវិញ ហើយបើមិនមានការរៀបចំ​ឥណទានឡើងវិញ គាត់ប្រហែលជាមាន​បញ្ជាហើយ»

លោក តូច ចៅចេក បានបន្ថែមថា នេះគឺខាងធនាគារបានជួយដល់អតិថិជនរបស់ខ្លួន ដែលធ្វើឱ្យអតិថិជនរបស់ខ្លួនក្លាយជាមនុស្សធម្មតា រកស៊ីទទួលទានធម្មតា ហើយប្រសិនបើមិនបានរៀបចំ​​ឥណទានឡើងវិញ ប្រហែលជាចំនួននៃកាយឺតយ៉ាវ (NPL) មិនមែនត្រឹមតែ ៦% នោះទេ គឺអាចលើសនេះតទៅទៀត តែដោយសារតែរាជរដ្ឋាភិបាលជួយ ហើយខាងធនាគារទាំងអស់​ក៏បានសហការ​ជាមួយរាជរដ្ឋាភិបាល បានធ្វើឱ្យចំនួននៃការយឺតយ៉ាវនៅត្រឹមតែ ៦%, ចំនួននេះមិនមែនតិចនោះទេបើយើងធៀបចំនួនប្រជាជនទាំងអស់ ដែលមានខេត្តខ្លះច្រើនមានអ្នកជំពាក់ធនាគារច្រើន ខេត្តខ្លះមានតិច ទៅតាមទិន្នន័យរបស់ CBC។

តែទោះយ៉ាងណា លោក តូច ចៅចេក បានបន្ថែមថា ថ្មីៗនេះសមាគមន៍ធនាគារ បានទទួលទិន្នន័យជាបឋមជាមួយសមាគមន៍ទាំងអស់ឃើញថា អត្រាជាកំណើនប្រាក់សន្សំប្រាក់មានច្រើន ដែលជាក់ស្តែង​ឆ្នាំ២០២៣ មានប្រមាណ ១៣ ទៅ ១៤ % ហើយឆ្នាំ២០២៤នេះ គ្រាន់តែត្រីមាសទី១ អត្រាមានប្រាក់សន្សំប្រមាណ ១៣ ទៅ ១៤% ដោយក្នុងបំណាច់ឆ្នាំនេះអត្រាប្រាក់សន្សំអាចកើនឡើងដល់ប្រមាណ ២០% នៃប្រាក់សន្សំ៕