(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា បំណុលឯកជននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានចំនួនជាង ៥៧ពាន់លានដុល្លារ ប៉ុន្ដែចំនួននេះ នៅក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងចំនួនលើសកលលោក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញបំណុល ដែលយើងជំពាក់គេសរុប មានចំនួន៥៧ពាន់លានដុល្លារ ដែលពីមុនប្រៀបធៀបជាមួយនឹង GDP ឡើងទៅដល់១៨០% តែអីលូវនៅសល់តែ១២០% ទៅ១៣៥% ដោយសារតែ GDP របស់យើង បានធ្វើការកែតម្រូវ»។

ទន្ទឹមគ្នានេះ បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ ​បានគូសបញ្ជាក់ថា បំណុលឯកជននៅកម្ពុជា ចំនួនជាង៥៧ពាន់លានដុល្លារនេះ បើធៀបនឹង GDP វាហាក់ដូចជា មិនទាន់មានបញ្ហានោះទេ ដែលបំណុលនៅលើសកលលោក ឃើញថា មានចំនួន១៤៦% នៃ GDP របស់សកលលោក ដូច្នេះបំណុលរបស់កម្ពុជា នៅទាបជាងបំណុលសកលលោក។

បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានឲ្យដឹងទៀតថា តាមរបាយការណ៍របស់ការិយាល័យ​ឥណទាន​កម្ពុជា (CBC) មានអ្នកជំពាក់ ៥លាននាក់ ប៉ុន្ដែអ្នកជំពាក់មែនទែន មិនដល់៤លាននាក់នោះទេ ដោយសារតែក្នុង ៥លាននាក់នេះ ខាងរបាយការណ៍កត់ត្រាទាំងប្ដី-ប្រពន្ធ។

បន្ថែមពីនោះទៀត បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា បំណុលរបស់កម្ពុជា ខ្ចីភាគច្រើនលើបុគ្គល ដែលខ្ចីក្នុងនាមផ្ទាល់ខ្លួន ដល់ទៅ៥០ពាន់លានដុល្លារ ហើយខ្ចីសម្រាប់អាជីវកម្ម មានតែ៧ពាន់លានដុល្លារ ព្រោះថា អ្នកជំនួញក្នុងស្រុកខ្មែរ ចូលចិត្ដប្រើឈ្មោះឯកជន ខ្ចីលុយឯកជន។

ចំពោះបំណុល អ្នកដែលសង់យឺត ចំនួន៣០ថ្ងៃ មានចំនួន៧.៥ភាគរយ ហើយអ្នកសងយឺតលើស៩០ថ្ងៃ មានរហូតដល់ជិត៦ភាគរយ ដែលគេចាត់ថា ជាអ្នកដែលគ្មានលទ្ធផលសង ខណៈនៅបណ្ដាប្រទេសផ្សេងៗ មានរហូតដល់ជាង១០ភាគរយ។ នេះជាការគូសបញ្ជាក់បន្ថែម របស់បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍៕