(ភ្នំពេញ)៖ លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា បានលើកឡើងថា ការកម្ចីពីស្ថាប័នធនាគារ និងមីក្រូហិញ្ញវត្ថុ ដែលមានការចុះបញ្ជីត្រឹមត្រូវ គឺមានសីលធម៌ណាស់ មិនធ្លាក់ចូលបំណុលវ័ណ្ឌកទេ ខ្លាចតែទៅខ្ចីកម្ចីឯកជន ដែលគ្មានការចុះបញ្ជីត្រឹមត្រូវ។

ការលើកឡើងបែបនេះ​ ធ្វើឡើងក្នុងឱកាសដែល លោក តូច ចៅចេក តំណាងសមាគមធនាគារនៅកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

លោក តូច ចៅចេក ​បានបញ្ជាក់យ៉ាងដូច្នេះថា «កាលណាមានបញ្ហាកើតឡើង គេថាមកពីបំណុលវ័ណ្ឌក តែជារួមខាងធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុ គឺមានសីលធម៌ណាស់ បើពិនិត្យមើលតាមជាក់ស្ដែង បំណុលអត់អាចវ័ណ្ឌកដាច់ខាត»

បន្ថែមពីនោះទៀត លោក តូច ចៅចេក ​បានឲ្យដឹងថា ហេតុអ្វីបានបំណុល អត់អាចវ័ណ្ឌកដាច់ខាត ដោយសារតែពិនិត្យលើ CBC ហើយឲ្យកម្ចីយ៉ាងម្ដេច ក៏មិនចេះវ័ណ្ឌកនោះដែរ ព្រោះថាអាចដឹងថា គាត់មានលទ្ធភាពប៉ុន្មាន ហើយឲ្យខ្ចីប៉ុណ្ណឹង មិនអាចខ្ចីលើសនោះទេ។

លោក តូច ចៅចេក បានបញ្ជាក់ថា «ការមានបំណុលវ័ណ្ឌក ដោយសារតែរត់ទៅខ្ចីកម្ចីឯកជន និងស្ថាប័នផ្សេងៗ ដែលអត់មានចុះបញ្ជី នៅក្នុង CBC»

ជាមួយគ្នានេះ លោក តូច ចៅចេក បានឲ្យដឹងថា រាល់ថ្ងៃនេះ ខាងសមាគមធនាគារ សហការជាមួយធនាគារជាតិ និងមីក្រូហិរញ្ញវត្ថុ ចុះធ្វើការនៅតាមខេត្ដ ដើម្បីពន្យល់ប្រជាជន ឲ្យយល់អំពីលក្ខខណ្ឌ នៃការខ្ចីឥណទាន និងអំពីហេតុផលនៃការខ្ចីឥណទាន៕