(ភ្នំពេញ)៖ លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានពន្យល់ពីវិធានការ ជួយសម្របសម្រួលវិវាទរវាងម្ចាស់បុរី និងអ្នកទិញបុរី និងចំណាត់ការចំពោះបុរីអត់ច្បាប់ ហើយនិយ័តករតែងតែងធ្វើការផ្សព្វផ្សាយ លើបុរីណាដែលគ្មានច្បាប់ ដើម្បីកុំឱ្យប្រជាពលរដ្ឋរងគ្រោះ។

ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ជូ វណ្ណៈ បានបញ្ជាក់ថា «យើងបានទទួលពាក្យបណ្ដឹងពីបុរីជាច្រើន ហើយក៏សម្របសម្រួល និងបានហៅម្ចាស់បុរី មកដោះស្រាយ រវាងម្ចាស់បុរីជាមួយនឹងអតិថិជន ដែលបានដាក់ពាក្យប្ដឹង»។

លោក ជូ វណ្ណៈ បានលើកឡើងថា ក្នុងនាមនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានរកយន្តការនៅកណ្ដាល ក្នុងករណីអតិថិជន មានការប្រាក់យឺតយ៉ាវ សូមឲ្យម្ចាស់បុរីមានការពន្យាពេល និងធ្វើការចរចាគ្នា ដើម្បីកំណត់ពេលវេលាជាក់លាក់ ក្នុងការបង់ប្រាក់ជូនដល់ម្ចាស់បុរី និងសូមបន្ថយការ​បង់ប្រាក់ប្រចាំខែ។

លោកបន្ដថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តែងតែសម្របសម្រួល ជាមួយម្ចាស់​បុរីរវាងអតិថិជន ជាពិសេសនៅក្នុងនីតិកាលទី៦ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន​ អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានរដ្ឋសភា គឺសម្របសម្រួលបានច្រើន។

ទាក់ទងទៅនឹងបុរីអត់ច្បាប់ លោក ជូ វណ្ណៈ បានលើកឡើងថា កន្លងមកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តែងតែធ្វើការផ្សព្វផ្សាយ ចំពោះបុរីណា ដែលគ្មានច្បាប់ ហើយក៏សូមអំពាវនាវដល់អតិថិជន តាមដានព័ត៌មានឲ្យបានច្រើន៕