(ភ្នំពេញ)៖ លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា គិតមកដល់ពេលនេះ បំណុលដែលមានម្ចាស់បុរី បានទៅខ្ចីពីធនាគារដោយប្រើក្នុងនាមជានីតិបុគ្គល និងរូបវ័ន្តបុគ្គលមានប្រមាណ ២,០០០លានដុល្លារ ខណៈអ្នកដែលបានខ្ចីធនាគារបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននោះ មានប្រមាណ ១០០០លានដុល្លារសហរដ្ឋអាមេរិក។

លោក ជូ វណ្ណៈ បានបញ្ជាក់យ៉ាងដូចនេះ នាឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោក ជូ វណ្ណៈ បានបញ្ជាក់ថា រហូតមកដល់ឥលូវនេះ ស្ថានភាពបំណុលដែលខាងនិយ័តករអាជីវកម្មអចលនវត្ថុទទួលបាន ឃើញថា អ្នកនៅជំពាក់បុរីខ្ទង់រង្វង់ប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ នេះចំពោះតែបុរីដែលបានស្នើសុំអាជ្ញាប័នពីនិយ័តករ អាជីវកម្មអចលនវត្ថុ។ តាមរយៈប្រភពរបស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ មានបំណុលនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានជាង ១៨ពាន់លានដុល្លារ។

លោក ជូ វណ្ណៈ បានបញ្ជាក់ដូចនេះថា «នៅក្នុងផ្នែកបុរី បើគិតជាក្រុមហ៊ុន មានក្រុមហ៊ុនបានទៅខ្ចីពីធនាគារ ដោយប្រើក្នុងនាមជានីតិបុគ្គល មានចំនួ​ន៨៣បុរី មានបំណុលប្រមាណ ១៥០០លានដុល្លារ, អ្នកដែលបានខ្ចីក្នុងកម្រិតរូបវ័ន្តបុគ្គល ដែលបានខ្ចីធនាគារមានប្រមាណ ៥០០លានដុល្លារ ដែលបូកសរុបមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍នោះមានខ្ទង់ ១ពាន់លានដុល្លារ»